រាជធានីភ្នំពេញ៖ លោក សាន សៅយ៉ាន់ គ្រូប្រដាល់ចាស់វស្សាមកពីខេត្តបន្ទាយមានជ័យ ត្រូវបានសហព័ន្ធកីឡាឃីកបុកស៊ីងជ្រើសរើសឱ្យធ្វើជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងសម្រាប់ឆ្នាំ២០២៦ ជាបន្តទៀត។

ការជ្រើសរើសនេះធ្វើឡើងតាមរយៈសមត្ថភាពបង្ហាត់ និងសមិទ្ធផលតំណាងឱ្យប្រទេសកម្ពុជា ក្នុងការនាំយកមេដាយជាច្រើនមកជូនជាតិនាពេលកន្លងមក។ លោកជាប់ធ្វើជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងតាំងពីឆ្នាំ២០២១មកម្លេះ បន្ទាប់ពីលោកជា រិទ្ធ។

បើគិតចាប់តាំងពីពេលនោះរហូតមក លោកបានកាន់តួនាទីនេះប្រហែលជា៦-៧ឆ្នាំមកហើយ ថែមទាំងធ្លាប់បានដឹកនាំសិស្សចេញទៅប្រកួតទាំងក្នុងនិងក្រៅប្រទេសជាច្រើនកម្មវិធីទៀតផង។
តាមប្រភពព័ត៌មាន លោកសាន សៅយ៉ាន់ ក៏ធ្លាប់បានដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិឃីកបុកស៊ីងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ២០២២ ព្រឹត្តិការណ៍ជើងឯកកីឡាឃីកបុកស៊ីងអាស៊ាននៅប្រទេសថៃ កីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា និងព្រឹត្តិការណ៍ជើងឯកអាស៊ីនៅពហុកីឡដ្ឋានជាតិឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងឆ្នាំ២០២៦នេះ បានធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំចំនួន១៣នាក់ មានគ្រូ២នាក់ សិស្សចំនួន១១នាក់។ រីឯឈុតតូចជាកីឡាករថ្នាលវិញមានទាំងអស់៦នាក់ គ្រូ១នាក់ សិស្ស៥នាក់។
ក្នុងការប្រមូលផ្ដុំក្រុមកីឡាជម្រើសជាតិ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានទីតាំងហ្វឹកហាត់រៀងៗខ្លួន ខណៈកីឡាឃីកបុកស៊ីងហ្វឹកហាត់នៅសហព័ន្ធរបស់ខ្លួនដែលមានទីតាំងនៅខាំកូស៊ីធី។
