លោកហេង សួរ ដឹកនាំកិច្ចប្រជុំប.ស.ស. ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវា

លោកហេង សួរ ដឹកនាំកិច្ចប្រជុំប.ស.ស. ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវា

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃប.ស.ស. បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី២។

កិច្ចប្រជុំប.ស.ស.

កិច្ចប្រជុំនេះដែលធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកហេង សួរ ដឹកនាំកិច្ចប្រជុំ

“ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិកប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ និងមានសុខភាពល្អ នោះគឺជាជោគជ័យរបស់ប.ស.ស.។” លោកហេង សួរបានសង្កត់ធ្ងន់។

លោកបានបញ្ជាក់ថា ការបង្កើនចំណូលសម្រាប់រក្សាប្រតិបត្តិការប.ស.ស. ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព គឺជាអ្វីដែលជាការចង់បានបំផុត ខណៈដែលមិនចង់ឱ្យរដ្ឋបង្កើនចំណាយ ប៉ុន្តែការបង្កើនចំណូលនោះក៏មិនត្រូវជាបន្ទុកបន្ថែមលើភាគីណាមួយនៅក្នុងកាលៈទេសៈនៃវិបត្តិសកលនាពេលនេះដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ក្នុងស្មារតីនេះ លោកបានជំរុញអង្គប្រជុំមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសិក្សារកផ្នែកដែលចំណាយច្រើន ហើយត្រូវពង្រឹងប្រសិទ្ធភាពនៃការចំណាយតាមយន្តការដែលមានស្រាប់ប្រកបដោយការយោគយល់គ្នាខ្ពស់។

ដើម្បីទាក់ទាញសមាជិកប.ស.ស. ឱ្យទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ស្រុក និងខេត្ត ក៏ដូចជាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិនោះ លោកក៏បានផ្តល់អនុសាសន៍ឱ្យមានការបង្កើនប្រសិទ្ធភាពសេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋាន ជាមួយនឹងការបំពាក់ឧបករណ៍បន្ថែម ព្រមទាំងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។

ការពិភាក្សាកិច្ចការប.ស.ស.

“ជាពិសេសនោះ គឺការលើកទឹកចិត្តឱ្យសាធារណជនទាក់ទងតាមប្រព័ន្ធលេខ Hotline ១២៨៦ ភ្លាមៗនៅពេលជួបប្រទះបញ្ហា។” លោកបានបន្ថែម។

ក្នុងឱកាសនោះដែរ តំណាងនិយោជក និងនិយោជិត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រងបានយ៉ាងល្អក្នុងដំណើរការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បើទោះបីជាប្រទេសជួបប្រទះជម្លោះព្រំដែន និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ។

តំណាងនិយោជកនិងនិយោជិត

កិច្ចពិភាក្សាបានដំណើរការយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ប.ស.ស. បញ្ហាប្រឈម និងវិធានការដោះស្រាយ, ផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ និង របាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តជាដើម។

កិច្ចប្រជុំពិភាក្សា

កិច្ចប្រជុំប.ស.ស. ឆ្នាំ២០២៦

ថ្នាក់ដឹកនាំប.ស.ស.

កិច្ចប្រជុំពិភាក្សារបាយការណ៍

ដោយ៖ តារា

administrator

Related Articles