
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធយ៉ាងច្បាស់លាស់នូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលអះអាងថា រុស្ស៊ីបានផ្ញើឱសានវាទរយៈពេល២ខែសម្រាប់ការដកទ័ពអ៊ុយក្រែនពីតំបន់ Donbass។

លោក Peskov បានបញ្ជាក់ថា៖ «គំនិតនេះអំពីឱសានវាទកំណត់ដកទ័ព មិនមែនប្រហែលពីរខែទេ។ លោក Zelenskyy ត្រូវតែធ្វើការសម្រេចចិត្តនៅថ្ងៃនេះសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនឲ្យចាកចេញពីព្រំដែននៃសាធារណរដ្ឋ Donetsk។ រឿងនេះត្រូវបានគេនិយាយជាយូរមកហើយ ហើយគាត់គួរតែធ្វើវាកាលពីម្សិលមិញ។ វាអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងបញ្ឈប់ដំណាក់កាលក្តៅនៃសង្គ្រាមនេះ»។

សេចក្តីថ្លែងការណ៍នេះបានមកបន្ទាប់ពីលោក Zelenskyy បានបង្ហាញក្នុងបទសម្ភាសន៍មួយថា ទីក្រុងមូស្គូបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយរំពឹងថា ទីក្រុងកៀវនឹងដកកងទ័ពចេញពី Donbass ក្នុងរយៈពេល២ខែ។ បើអ៊ុយក្រែនបដិសេធ រុស្ស៊ីនឹងនៅតែគ្រប់គ្រងតំបន់នោះ ហើយលក្ខខណ្ឌចរចាជាបន្តបន្ទាប់នឹង«កាន់តែធ្ងន់ធ្ងរ»។

តំបន់ Donbass ដែលរុស្ស៊ីបានភ្ជាប់ជាឧបសម្ព័ន្ធបញ្ចូលជាទឹករុស្ស៊ីក្នុងឆ្នាំ២០២២ នៅតែជាឧបសគ្គធំបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពទាំងអស់។ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ការដកទ័ពចេញទាំងស្រុងរបស់អ៊ុយក្រែនពីតំបន់នេះ គឺជាតម្រូវការជាមុនសម្រាប់ដំណោះស្រាយរយៈពេលវែង។

ទីក្រុងកៀវបានបដិសេធយ៉ាងដាច់អហង្ការចំពោះសម្បទានទឹកដីណាមួយ និងចាត់ទុកការដកកងទ័ពចេញពី Donbass ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប។ ចំណែករុស្ស៊ីបន្តសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែរួមបញ្ចូលលក្ខខណ្ឌស្នូលដូចជា អ៊ុយក្រែនរក្សាអព្យាក្រឹតភាព ការដកទ័ព និងទទួលស្គាល់ទឹកដីដែលបានបញ្ចូល៕
