
អង់គ្លេសនឹងកោះប្រជុំតាមអ៊ីនធឺណិតនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានប្រទេសចំនួន៣៥ចូលរួម ដោយគ្មានសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនប្រេងនិងឧស្ម័នដ៏សំខាន់ ដែលត្រូវបានបិទដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា កិច្ចប្រជុំនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអង់គ្លេស និងបារាំង ដើម្បីធានាសុវត្ថិភាពផ្លូវទឹកសំខាន់នេះ។ លោកនឹងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper និងមេដឹកនាំអន្តរជាតិជាច្រើនទៀត។
លោក Starmer បានពន្យល់ថា៖ “កិច្ចប្រជុំនេះនឹងវាយតម្លៃវិធានការការទូត និងនយោបាយទាំងអស់ដែលអាចអនុវត្តបាន ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ ធានាសុវត្ថិភាពកប៉ាល់ និងនាវិក ហើយនិងបន្តចលនាទំនិញសំខាន់ៗឡើងវិញ។”

បន្ទាប់ពីកិច្ចប្រជុំអន្តរជាតិ លោក Starmer ក៏នឹងកោះប្រជុំអ្នករៀបចំផែនការយោធា ដើម្បីពិនិត្យមើលពីរបៀបរៀបចំសមត្ថភាព និងធានាសុវត្ថិភាពច្រកសមុទ្រនេះ បន្ទាប់ពីការប្រយុទ្ធបញ្ឈប់។
កិច្ចប្រជុំនេះនឹងរួមបញ្ចូលប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីខែមុន រួមមាន៖ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ អេមីរ៉ាតអារ៉ាប់រួម និងនីហ្សេរីយ៉ា។
អត្ថបទ៖ សាង ស្រីល័ក្ខ
