ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះមានស្ត្រី១នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក៧កញ្ចប់តូច។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ មីនា ២០២៦ នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ។ ជនសង្ស័យទាំង៤នាក់រួមមាន៖ អឿន ជ័យរដ្ឋ (២១ឆ្នាំ), ង៉ិ ស្រីនិត (២២ឆ្នាំ), ធី វឌ្ឍនា ហៅ ហ៊រ (២៣ឆ្នាំ) និង ខុម សុខធារ៉ា ហៅ អុំ (២៩ឆ្នាំ)។

សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកក៧កញ្ចប់តូច, សម្ភារៈប្រើប្រាស់, វេចខ្ចប់, ជញ្ជីងថ្លឹង១, ទូរស័ព្ទដៃ៣គ្រឿង និងក្រដាសវេលុយវីង២សន្លឹក។
លោកអធិការបានពន្យល់ថា ប្រតិបត្តិការនេះចាប់ផ្ដើមពីការរាយការណ៍របស់ប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់អឿន ជ័យរដ្ឋ។ កម្លាំងប៉ុស្តិ៍ឈើទាល និងកម្លាំងប្រឆាំងគ្រឿងញៀនបានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនអឿន ជ័យរដ្ឋ និងង៉ិ ស្រីនិត ព្រមទាំងដកហូតថ្នាំញៀន៦កញ្ចប់តូច។

ពួកគេបានសារភាពថា ថ្នាំញៀនទាំងនោះទិញពីហ៊រ ក្នុងតម្លៃ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត។ ឈ្មោះង៉ិ ស្រីនិតបានបញ្ជាក់ថា ហ៊រធ្លាប់ប្រាប់ថាយកថ្នាំញៀនពីបងអុំមកឲ្យពួកគេ។
កាលពីថ្ងៃទី៣១ មីនា កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅផ្ទះរបស់អុំនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនអុំ និងហ៊រ ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់តូចបន្ថែមទៀត។

ពេលសាកសួរ ហ៊របានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនពីអុំទៅលក់បន្ត។ ចំណែកអុំក៏បានសារភាពថា ខ្លួនធ្លាប់ឲ្យថ្នាំញៀនទៅហ៊រប្រហែល៣០០ដងមកហើយ ដោយថ្នាំញៀនទាំងនោះខ្លួនបានទិញពីបុរសម្នាក់នៅម្ដុំវត្តព្រែកប្រា ចំនួនកន្លះគីឡូក្រាមក្នុងតម្លៃ៤ពាន់ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
