ខេត្តក្រចេះ៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឱ្យឡើងទៅជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឱ្យឡើងទៅជាព្រះគ្រូអនុគណស្រុកស្នួល នៅបរិវេណវត្តសទ្ធារង្សីខន្តិយារាម ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងរបាយការណ៍ស្វាគមន៍ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានយកចិត្តទុកដាក់តាំងពីដើមរៀងមក ចំពោះវិស័យពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសការដឹកនាំ ចង្អុលបង្ហាញ តម្រង់ទិស និងគាំទ្រដល់រដ្ឋបាលខេត្តក្រចេះ ដែលបាននាំមកនូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ព្រមទាំងបានផ្តល់កិត្តិយសអញ្ជើញចុះមកបំពេញបេសកកម្មនៅខេត្តក្រចេះជាច្រើនលើក។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានរាយការណ៍ដោយសង្ខេបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ការអភិវឌ្ឍ និងសមិទ្ធផលនានាដែលខេត្តសម្រេចបាន ព្រមទាំងវឌ្ឍនភាពនៅក្នុងវិស័យសាសនាក្នុងខេត្តក្រចេះផងដែរ។ លោកក៏បានលើកឡើងដោយបន្ថែមថា “ជាទូទៅប្រជាជនក្នុងខេត្តក្រចេះមានទំនាក់ទំនងល្អ មិនប្រកាន់ពូជសាសន៍ សាសនា និងជួយយកអាសារគ្នាទៅវិញទៅមកប្រកបដោយសុខដុមរមនាយ៉ាងល្អប្រសើរ។”

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ លោកបានសម្តែងនូវការកោតសរសើរចំពោះ ព្រះគ្រូរាមានុបាល ខាន ស៊ីដន ព្រះគ្រូចៅអធិការវត្តរង្សីខន្តិយារាម ដែលកន្លងមក និងបច្ចុប្បន្ន ព្រះគ្រូបានយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំសីលធម៌ ចរិយាធម៌ដល់ពុទ្ធបរិស័ទ ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

សូមជម្រាបថា ព្រះពុទ្ធវង្ស សុខ សុភាព ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា បានអានព្រះរាជក្រឹត្យ និងព្រះរាជប្រកាសនីយប័ត្រ ព្រមទាំងប្រគេនព្រះរាជក្រឹត្យ ព្រះរាជប្រកាសនីយបត្រ និងផ្លិតយស ដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕

ដោយ : សិលា
