ខេត្តប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ឈាមជ័របានកើតឡើងនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ច្រកប្រាំបាត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៨:៣៣យប់ នៅពេលដែលអ្នកបើកបរម៉ូតូឈ្មោះ នុន រិទ្ធីស័ក្ក (អាយុ១៦ឆ្នាំ) បានបើកបរម៉ូតូឡើងវ៉ាជែងរថយន្តខាងមុខ ហើយខ្វះការមើលមុខក្រោយ បណ្ដាលឱ្យបុកគ្នាពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិស។
ការបុកគ្នាដ៏ខ្លាំងក្លានេះបានបណ្ដាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៣នាក់ ដែលរួមមាន៖
១. នុន រិទ្ធីស័ក្ក (១៦ឆ្នាំ) – សិស្ស រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់
២. ម៉ាន់ ពិសិទ្ធ (២៩ឆ្នាំ) – មេជាងសំណង់ រស់នៅភូមិអន្លង់រៃ ខេត្តបាត់ដំបង
៣. ភាន់ សាវេញ (២០ឆ្នាំ) – កម្មករសំណង់ រស់នៅភូមិអន្លង់រៃ ខេត្តបាត់ដំបង

ម៉ូតូទាំងពីរគ្រឿងដែលជាប់ពាក់ព័ន្ធគឺម៉ាកហុងដាឌ្រីម ដែលមួយគ្រឿងមានស្លាកលេខបាត់ដំបង 1U-3731 និងមួយគ្រឿងទៀតមានស្លាកលេខបាត់ដំបង 1AA-4188។ ម៉ូតូទាំងពីរគ្រឿងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីកើតហេតុ មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋានបានចុះទៅត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ។ ម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។
សពជនរងគ្រោះទាំង៣នាក់ត្រូវបានគេប្រគល់ជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់។
អត្ថបទសរសេរដោយ នីយ៉ា | កែសម្រួលដោយ ធីតា
