សម្តេចបវរធិបតីចេញបញ្ជាតឹងរឹង រកអ្នកលួចនាំប្រេងខុសច្បាប់ពីថៃ បើរកឃើញដកអាជ្ញាប័ណ្ណ-បញ្ចប់តួនាទី

សម្តេចបវរធិបតីចេញបញ្ជាតឹងរឹង រកអ្នកលួចនាំប្រេងខុសច្បាប់ពីថៃ បើរកឃើញដកអាជ្ញាប័ណ្ណ-បញ្ចប់តួនាទី

សម្តេចធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាតឹងរឹងឲ្យស្រាវជ្រាវរកអ្នកលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃ ដោយបញ្ជាក់ថា បើរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងត្រូវដកអាជ្ញាប័ណ្ណ រីឯមន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងត្រូវបញ្ចប់តួនាទី ទោះបីមានឋានន្តរស័ក្តិខ្ពស់ប៉ុណ្ណាក៏ដោយ។

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានឃើញការផ្សាយព័ត៌មានពីប្រទេសថៃអំពីការមានបណ្តាញលួចនាំប្រេងខុសច្បាប់ពីថៃចូលមកលក់នៅកម្ពុជា។ សម្តេចបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ថា៖ «ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃ ចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ»។

ការប្រឆាំងនឹងការលួចនាំប្រេងខុសច្បាប់

សម្តេចធិបតីបានបញ្ជាក់ថា បានចេញបទបញ្ជាឲ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។

សម្តេចបានសង្កត់ធ្ងន់ថា៖ «ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles