សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហាររួមគ្នាដោយទម្លាក់គ្រាប់បែកបំផ្លាញស្ពាន B1 ដ៏សំខាន់មួយនៅភាគខាងជើងប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៨នាក់ និងរងរបួសច្រើននាក់ទៀត។
![]()
តាមការផ្សាយរបស់ Al Jazeera ការវាយប្រហារអាកាសកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ បានបំផ្លាញស្ពាន B1 ដែលកំពុងសាងសង់នៅក្នុងទីក្រុង Karaj ខេត្ត Alborz ដោយសម្លាប់ទាំងកម្មករសាងសង់ និងអ្នកស្រុកដែលនៅជិតកន្លែងនោះ។
ស្ពាន B1 ដែលមានប្រវែងប្រហែល ១,០០០ ម៉ែត្រ គឺជាគម្រោងវិស្វកម្មទំនើបដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលត្រូវបានគ្រោងសាងសង់ឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រវាងទីក្រុងតេហេរ៉ង់ និងខារ៉ាច ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ខេត្តផ្សេងៗនៅភាគខាងជើងប្រទេស។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានអះអាងថា៖ «ការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួច នឹងមិនអាចបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ការវាយប្រហារនេះគ្រាន់តែបង្ហាញពីបរាជ័យ និងការដួលរលំផ្នែកសីលធម៌របស់សត្រូវប៉ុណ្ណោះ។»
ទន្ទឹមនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានចេញផ្សាយបញ្ជីស្ពានសំខាន់ៗនៅតាមប្រទេសក្នុងតំបន់ ដែលអាចក្លាយជាគោលដៅសងសឹក រួមមានស្ពាន Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត ស្ពាន King Fahd ស្ពាន Sheikh Zayed ស្ពាន Sheikh Khalifa និងស្ពានជាច្រើនទៀតនៅក្នុងតំបន់។
អ៊ីរ៉ង់បានគំរាមកំហែងថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គ្មានការយល់ដឹងពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ទេ ហើយការវាយប្រហារបែបនេះនឹងត្រូវទទួលបានការឆ្លើយតបដ៏ធ្ងន់ធ្ងរ។
