កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ ក្រោយយោធាថៃចល័តរថពាសដែកចូលតំបន់អូរស្មាច់

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ ក្រោយយោធាថៃចល័តរថពាសដែកចូលតំបន់អូរស្មាច់

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបដិសេធយ៉ាងច្បាស់លាស់ចំពោះការចោទប្រកាន់របស់យោធាថៃ និងថ្កោលទោសសកម្មភាពចល័តរថពាសដែកចូលតំបន់ច្រកអូរស្មាច់ក្នុងទឹកដីកម្ពុជា។

ស្ថានភាពតំបន់ព្រំដែន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ថា៖ “ការលើកឡើងរបស់យោធាថៃថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា គឺមិនមែនជាការពិត និងគ្មានមូលដ្ឋាន”។

ព័ត៌មាននេះបានលេចឡើងក្រោយពីផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។

កងកម្លាំងកម្ពុជានៅតំបន់ព្រំដែន

ជាក់ស្តែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

administrator

Related Articles