ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលបានបង្ក្រាបក្រុមក្មេងទំនើងដែលមានរហស្សនាម “ធីម” (TMT) បន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពហិង្សាកាប់ម៉ូតូជនរងគ្រោះនៅតាមផ្លូវលេខ៤៤ និងផ្លូវលេខ៥១។

ក្រុមជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួនបាននៅម៉ោង៣:៥០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៦នាក់រួមមាន៖
១. គង់ ចាន់កក្កដា (ហៅក្តា/ដា) អាយុ១៨ឆ្នាំ
២. ហេង ប៊ុននឿន (ហៅកង្កែប) អាយុ២១ឆ្នាំ
៣. ហេង ប៊ុននី (ហៅនី) អាយុ១៨ឆ្នាំ
៤. ម៉ៅ សុខម៉េង (ហៅម៉េង) អាយុ១៧ឆ្នាំ
៥. ពីន បញ្ញា (ហៅញ៉ា) អាយុមិនបានបញ្ជាក់
៦. យន រ៉ាវីត (ហៅផុយ) អាយុ១៥ឆ្នាំ

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំងអស់បានសារភាពថាពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះដូចដែលត្រូវបានចោទប្រកាន់។ នគរបាលបានដកហូតកាំបិតផ្គាក់គ្មានដងចំនួន១ដើមជាវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ក្រុម TMT ត្រូវបានគេស្គាល់ថាជាក្រុមក្មេងទំនើងដែលតែងតែបង្កហិង្សា អុកឡុក និងកាប់ម៉ូតូជនរងគ្រោះតាមផ្លូវធំៗក្នុងតំបន់។ ការបង្ក្រាបនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសនិងធានាសន្តិសុខសាធារណៈ។

អត្ថបទសរសេរដោយ៖ អ៊ំ ណូន
កែសម្រួលដោយ៖ ធីតា
