ហាណូយ៖ ក្រសួងការបរទេសវៀតណាមបានបង្ហាញក្តីរំពឹងថា គុយបានិងសហរដ្ឋអាមេរិកនឹងមានកិច្ចសន្ទនារួមគ្នាឆាប់ៗនេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពខុសគ្នានៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។

យោងតាម vnexpress អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានធ្វើសេចក្តីថ្លែងការណ៍មួយនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែមេសា ដោយបញ្ជាក់ថា វៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងឈានដល់ចំណុចរួមក្នុងពេលឆាប់ៗនេះ។
លោកស្រីបាននិយាយថា៖ «វៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងឆ្ពោះទៅរកការកែលម្អ និងធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ដើម្បីផលប្រយោជន៍របស់ប្រជាជនរបស់ពួកគេ និងសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។»

លោកស្រីបន្ថែមថា៖ «វៀតណាមកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ ហើយជឿជាក់ថា គុយបានឹងយកឈ្នះលើបញ្ហាប្រឈមបច្ចុប្បន្នរបស់ខ្លួន។»
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ជាថ្មីនូវសាមគ្គីភាព និងចំណងមិត្តភាពប្រពៃណីរបស់ខ្លួនជាមួយប្រជាជនគុយបា ព្រមទាំងគាំទ្រជានិច្ចចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលស្នើសុំឲ្យមានការលើកលែងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបា។

កិច្ចសន្ទនានេះនឹងផ្អែកលើការគោរពឯករាជ្យភាពអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលជាគោលការណ៍សំខាន់ក្នុងការដោះស្រាយជម្លោះអន្តរជាតិ។
