បុរសយកដបទឹកសុទ្ធវាយនារីនៅវិថីថ្មើរជើងចតុមុខ ត្រូវបានឃាត់ខ្លួន និងសុំទោសជាសាធារណៈ

បុរសយកដបទឹកសុទ្ធវាយនារីនៅវិថីថ្មើរជើងចតុមុខ ត្រូវបានឃាត់ខ្លួន និងសុំទោសជាសាធារណៈ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូដ៏គួរឱ្យស្អប់ខ្ពើមមួយតាមបណ្ដាញសង្គម ដែលបុរសម្នាក់បានយកដបទឹកសុទ្ធវាយទៅលើនារីម្នាក់ កំពុងថតឃ្លីបវីដេអូនៅចំណុចលើវិថីថ្មើរជើងចតុមុខ (Walk Street) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាត់វិធានការយ៉ាងរហ័ស។

ការស្រាវជ្រាវរបស់សមត្ថកិច្ច

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កបាន។

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានអញ្ជើញស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។ ប៉ុន្តែដោយខាងភាគីស្រ្តីរងគ្រោះមានការអធ្យាស្រ័យ យោគយល់ដោយមិនប្តឹងជនបង្កនោះទេ ដោយយោងជនបង្កទទួលសារភាពកំហុស និងសុំការអធ្យាស្រ័យពីស្រ្តីរងគ្រោះ និងសំណូមពរសមត្ថកិច្ចបញ្ចប់រឿង។

ជាមួយគ្នានេះជនបង្កបានទទួលស្គាល់នូវកំហុសឆ្គង និងបានធ្វើវីដេអូសុំទោសស្រ្តីរងគ្រោះជាសាធារណៈនូវទង្វើមិនគប្បី ដែលជាសកម្មភាពបំពាន ឬហិង្សាទៅលើស្រ្តីរងគ្រោះ។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំបុរសជាជនបង្ក និងឱ្យធ្វើកិច្ចសន្យាមិនប្តឹងប្តល់គ្នា ក្រោយមកសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

administrator

Related Articles