ក្រុមទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចយល់ច្បាស់ពីគោលដៅសង្គ្រាមជាមួយអ៊ីរ៉ង់របស់លោក ដោយប្រភពខាងក្នុងបញ្ជាក់ថា «គ្មាននរណាម្នាក់ដឹងថាលោកកំពុងគិតអ្វីនោះទេ»។

ព័ត៌មាន Axios រាយការណ៍ថា ផែនការរបស់ប្រធានាធិបតីត្រាំមានភាពមិនច្បាស់លាស់ ដោយលោកបញ្ជូនសញ្ញាចម្រុះផ្ទុយគ្នាអំពីសង្គ្រាមនៅអ៊ីរ៉ង់។ មន្ត្រីរដ្ឋបាលដែលមិនបញ្ចេញឈ្មោះម្នាក់បានអះអាងថា៖ «នេះមិនមែនជាក្តារអុក 3D ទេ។ លោកប្រឆាំងនឹងខ្លួនឯងជាប្រចាំ»។
ទោះជាយ៉ាងណា សមាជិកព្រឹទ្ធសភា Lindsey Graham ពីគណបក្សសាធារណរដ្ឋបានលើកឡើងថា «វាជាយុទ្ធសាស្ត្រដោយចេតនារបស់លោកត្រាំ»។ លោកបានប្រាប់ Axios បន្ថែមថា៖ «នោះជាផែនការ ប៉ុន្តែសម្រាប់អ្នកមិនមានតម្រុយទេ»។
យោងតាមសេចក្តីរាយការណ៍របស់ The Independent ប្រធានាធិបតីត្រាំបានកំណត់គោលដៅបួនសម្រាប់ប្រតិបត្តិការ Epic Fury៖ បំផ្លាញសមត្ថភាពមីស៊ីលផ្លោងអ៊ីរ៉ង់ បំផ្លាញកងទ័ពជើងទឹក ទប់ស្កាត់ក្រុមភេរវករបរិវារ និងរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ទោះបីជាគោលដៅទាំងនេះត្រូវបានកំណត់ច្បាស់ក្នុងដំណាក់កាលដំបូងក៏ដោយ ក៏សង្គ្រាមបានអូសបន្លាយ ហើយអស្ថិរភាពកើតឡើងខ្លាំងដោយសារអ៊ីរ៉ង់គ្រប់គ្រងច្រក Hormuz ដែលជាច្រកសំខាន់សម្រាប់នាំចេញប្រេង។ ការអំពាវនាវរបស់ត្រាំឱ្យប្រទេសសម្ព័ន្ធមិត្តចូលជួយក៏មិនទទួលបានការឆ្លើយតបដែរ។
អ្នកនៅខាងក្នុងរដ្ឋបាលត្រាំបានប្រាប់ Axios ថា ក្នុងជម្លោះនៅអ៊ីរ៉ង់ លោកត្រាំហាក់ដូចជាកំពុងបង្កើតយុទ្ធសាស្ត្រថ្មី ដោយរក្សាជម្រើសផ្សេងៗ និងចាប់យកឱកាសនៅពេលដែលវាលេចឡើង។ ការបរិយាយរបស់ប្រធានាធិបតីត្រាំបានត្រឡប់ត្រឡិន ដែលធ្វើឱ្យគ្មាននរណាម្នាក់ដឹងច្បាស់ពីវត្ថុបំណងពិតរបស់លោក។
