រញ្ជួយដីខ្លាំងកម្រិត ៧.៤រ៉ិចទ័របានវាយប្រហារប្រទេសឥណ្ឌូណេស៊ី នាំឱ្យមានការទាញសញ្ញាអាសន្នរលកយក្សស៊ូណាមិ ដែលអាចផ្លាស់ប្តូរទៅហ្វីលីពីន និងម៉ាឡេស៊ីក្នុងរង្វង់ចម្ងាយ ១,០០០គីឡូម៉ែត្រ។

រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៦:៤៨នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២ខែមេសា ដោយមានចំណុចកណ្តាលនៅក្នុងសមុទ្រ Molucca ក្បែរកោះ Ternate ជម្រៅ ៣៥គីឡូម៉ែត្រ។ អង្គភាពអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានសង្កេតឃើញរលកយក្សស៊ូណាមិកម្ពស់ ០.៣ម៉ែត្រនៅកោះ North Maluku។
មានរបាយការណ៍អំពីអគាររង្គើនៅក្នុងខេត្ត North Sulawesi និងនៅកន្លែងផ្សេងទៀត ប៉ុន្តែភ្លាមៗនេះមិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះ និងការខូចខាតអ្វីច្បាស់លាស់នៅឡើយទេ។

ការព្រមាននេះបានធ្វើឱ្យប្រទេសជិតខាងដូចជាហ្វីលីពីន និងម៉ាឡេស៊ីត្រូវបានដាស់តឿនព្រមានដល់ប្រជាជនរស់នៅតាមឆ្នេរសមុទ្រ ដើម្បីរៀបចំខ្លួនសម្រាប់ការភៀសខ្លួនប្រសិនបើមានគ្រោះថ្នាក់។
