ខេត្តបាត់ដំបង៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅថ្ងៃទី២ មេសា ២០២៦ វេលាម៉ោង១៨:៣០នាទី នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហឺយ ហឿត អាយុ៣៣ឆ្នាំ ដែលស្រវឹងស្រា បានយកដំបងឈើវាយទៅលើជនរងគ្រោះ ឈ្មោះ ចន វឿន អាយុ៣៦ឆ្នាំ ដែលកំពុងធ្វើដំណើរតាមផ្លូវ។ ការវាយដំនេះបានបង្ករបួសធ្ងន់ធ្ងរដល់ជនរងគ្រោះ។

ក្រោយពីទទួលបានបណ្តឹង កម្លាំងនគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានភ្លាម។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពទទួលស្គាល់ទាំងស្រុងថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយដំដោយប្រើដំបងឈើ ដោយសារតែស្រវឹងស្រា។ វត្ថុតាងដែលដកហូតបានគឺដំបងឈើ១ដើម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ខណៈកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
