ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានសម្រេចដាក់ពន្ធនាគារជនសង្ស័យចំនួន ១៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

យោងតាមដីកាចុះថ្ងៃទី០១ មេសា ២០២៦ ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។
ក្នុងចំណោមជនសង្ស័យទាំង ១៨នាក់ មានជនជាតិចិន ១៤នាក់ ម៉ាឡេស៊ី ២នាក់ មីយ៉ាន់ម៉ា ១នាក់ និងខ្មែរ ១នាក់។ ពួកគេភាគច្រើនស្នាក់នៅ និងធ្វើការនៅសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) សម្រាប់បុរស និងមណ្ឌលអប់រំកែប្រែទី២ (ម២) សម្រាប់ស្ត្រី ដើម្បីរង់ចាំការសម្រេចពីតុលាការ។
សូមបញ្ជាក់ថា ចាប់ពីខែកក្កដា ២០២៥ ដល់ខែមីនា ២០២៦ ក្នុងរយៈពេល ៩ខែ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ២៥០ករណី និងបានបញ្ចូនសំណុំរឿងទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលដែលនៅពីក្រោយសកម្មភាពទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។
ដោយ៖ តារា
