ឃាត់ខ្លួន៣នាក់សង្ស័យសម្លាប់អ្នកចាស់៦៥ឆ្នាំដើម្បីប្លន់ម៉ូតូនិងទូរសព្ទនៅបាត់ដំបង

ឃាត់ខ្លួន៣នាក់សង្ស័យសម្លាប់អ្នកចាស់៦៥ឆ្នាំដើម្បីប្លន់ម៉ូតូនិងទូរសព្ទនៅបាត់ដំបង

ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានសហការជាមួយនគរបាលស្រុកសង្កែ បំបែកសំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងព្រឹត្តិការណ៍សម្លាប់មនុស្សដើម្បីប្លន់ទ្រព្យសម្បត្តិ។ ជនសង្ស័យទាំងនេះត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។

រូបភាពជនសង្ស័យ

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងការសហការពីសមត្ថកិច្ចពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះ ប្រោញ គ្រិន អាយុ៦៥ឆ្នាំ។ ជនរងគ្រោះរស់នៅភូមិដូនត្រឹក ស្រុកសំឡូត ហើយត្រូវបានគេរកឃើញសពនៅថ្ងៃទី២៤ ខែមីនា នៅក្នុងប្រឡាយក្នុងក្រុងបាត់ដំបង។

កន្លែងកើតហេតុ

ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖
១. សុវណ្ណ បញ្ញា អាយុ២៩ឆ្នាំ (ស្រី) មានទីលំនៅមិនពិតប្រាកដ
២. ហ៊ាង បូរិទ្ធ អាយុ២៩ឆ្នាំ (ប្រុស) រស់នៅស្រុកសង្កែ
៣. កុល ណុន អាយុ២៨ឆ្នាំ (ប្រុស) រស់នៅស្រុកសង្កែ

តាមការសាកសួររបស់សមត្ថកិច្ច សុវណ្ណ បញ្ញា បានឆ្លើយទទួលស្គាល់ថា ខ្លួននិងហ៊ាង បូរិទ្ធ បានរៀបគំរោងសម្លាប់ជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្តិរួមមានម៉ូតូហុងដា ឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ 1AZ-6458 និងទូរសព្ទដៃ។ ក្រោយពីសម្លាប់ហើយ ពួកគេបានយកសពទៅចោលនៅក្នុងប្រឡាយ។

វត្ថុតាង

ទោះបីជាយ៉ាងណា សមត្ថកិច្ចមិនទាន់រកឃើញទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅឡើយទេ លើកលែងតែម៉ូតូរបស់ជនសង្ស័យចំនួន២គ្រឿង និងទូរសព្ទមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles