ខេត្តស្វាយរៀង៖ អាជ្ញាបណ្ណកាស៊ីណូ “សៀងហៃ រីហ្សត” ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដកហូតចោល បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ក្នុងប្រតិបត្តិការដ៏ធំមួយនេះ កងកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានចុះឆែកឆេរទីតាំងកាស៊ីណូនេះនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
កងកម្លាំងសមត្ថកិច្ចបានរឹបអូសឧបករណ៍ សម្ភារៈពាក់ព័ន្ធទាំងអស់ និងឃាត់ខ្លួនជនបរទេសចំនួន ១០៧ នាក់ (ក្នុងនោះស្រី ២៦ នាក់) ដែលមាន ៤ សញ្ជាតិផ្សេងគ្នា។ ជនទាំងនេះត្រូវបានបញ្ជូនទៅកាន់កម្លាំងមានសមត្ថកិច្ចដើម្បីអនុវត្តនីតិវិធីតាមច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដោយសហការជាមួយកងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
អគ្គលេខាធិការដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមានឡើងច្រើននៅក្នុងប្រទេស។

កាស៊ីណូ “សៀងហៃ រីហ្សត” ដែលស្ថិតនៅក្នុងស្រុកចន្ទ្រា ត្រូវបានគេសង្ស័យថាជាកន្លែងដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមអនឡាញ ដែលធ្វើឱ្យមានអ្នករងគ្រោះជាច្រើន។

ការដកហូតអាជ្ញាបណ្ណកាស៊ីណូនេះបង្ហាញពីការតឹងតែងរបស់អាជ្ញាធរក្នុងការត្រួតពិនិត្យលើសកម្មភាពល្បែងស៊ីសង និងការពារពលរដ្ឋពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយ៖ តារា
