ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានផ្ដាំទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យប្រើប្រាស់វោហារសាស្ត្របែបការទូតបន្ដិចទៅ និងប្រយ័ត្នសម្ដីជាងមុន។ លោកបានបញ្ចេញអារម្មណ៍ពិតថា៖ «គេមិនមែនចេះតែនិយាយរាល់ថ្ងៃទេ នៅពេលដោះស្រាយបញ្ហាពាក់ព័ន្ធសង្គ្រាមនិងស្ថិរភាពនុយក្លេអ៊ែរ ព្រោះនោះមិនមែនជាការសម្ដែងឡើយ។»

តាមការផ្សាយរបស់ BBC នៅពេលទៅដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៦ លោកម៉ាក្រុងប្រាប់អ្នកសារព័ត៌មានថា៖ «សង្គ្រាមនៅអ៊ីរ៉ង់ត្រូវការវិធីសាស្ត្រដោះស្រាយមួយដែលម៉ឺងម៉ាត់ មិនមែនប្រែប្រួលរាល់ថ្ងៃទេ។ នេះមិនមែនជាការសម្ដែងឡើយ ហើយយើងកំពុងនិយាយអំពីសន្ដិភាព សង្គ្រាម និងជីវិតមនុស្សប្រុសស្រី។»
លោកម៉ាក្រុងលើកឡើងបន្ថែមថា៖ «នៅពេលអ្នកចង់ធ្វើការងារឲ្យមានភាពម៉ឺងម៉ាត់ អ្នកមិនត្រូវនិយាយអ្វីនៅថ្ងៃនេះដែលផ្ទុយស្រឡះពីអ្វីដែលអ្នកនិយាយកាលពីម្សិលមិញទេ ហើយក៏ប្រហែលជាអ្នកមិនគួរនិយាយរាល់ថ្ងៃពេកដែរ។ គួរតែទុកឲ្យស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញខ្លះទៅ។»
សម្ដីលោកម៉ាក្រុងគឺសំដៅទៅលើការនិយាយត្រឡប់ត្រឡិនរបស់លោកត្រាំអំពីប្រតិបត្ដិការយោធានៅអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកមិនមែនត្រឹមថ្លែងទៅកាន់អ្នកកាសែតទេ ប៉ុន្ដែគាត់ថែមទាំងបញ្ចេញសារជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Truth Social ផងដែរ។
ចុងក្រោយបំផុតនេះ ប្រមុខសេតវិមានបានចេញថ្លែងការណ៍ពិសេសពាក់ព័ន្ធសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្ដែសារទាំងនោះត្រូវបានអ្នកវិភាគក៏ដូចជាអ្នកជំនាញខាងភូមិសាស្រ្តនយោបាយអន្ដរជាតិមើលឃើញថា ជាការនិយាយឲ្យតែរួចពីមាត់និងបង្ហាញពីផែនការមិនច្បាស់លាស់របស់អាមេរិកនៅមជ្ឈិមបូព៌ា។
អត្ថបទ៖ សុខ សុវណ្ណ
