គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ សៀងហៃ រីហ្សត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កងកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមេសា ២០២៦ បានចុះឆែកឆេរទីតាំងកាស៊ីណូនៅឃុំសំរោង ស្រុកចន្ទ្រា។
កងកម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន១០៧នាក់ (ស្រី២៦នាក់) មាន៤សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការនេះធ្វើឡើងមានអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕
