រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងយ៉ាងច្បាស់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនឹងមិនអាចបង្ខំឲ្យប្រជាជនអ៊ីរ៉ង់ចុះចាញ់បានឡើយ។

ក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា លោក Araghchi បានសរសេរថា៖ “ការវាយប្រហារស្ពាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ គ្រាន់តែបង្ហាញពីការបរាជ័យរបស់សត្រូវ និងធ្វើឲ្យខូចរូបភាពរបស់វ៉ាស៊ីនតោនប៉ុណ្ណោះ។ យើងនឹងសាងសង់វាឡើងវិញឲ្យរឹងមាំជាងមុន។”
លោកបានគូសបញ្ចាក់បន្ថែមថា អ្វីដែលមិនអាចស្ដារឡើងវិញបានគឺ “កិត្យានុភាពរបស់សហរដ្ឋអាមេរិកដែលត្រូវបានខូចខាត”។

អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារពីរលើកលើស្ពានមួយក្នុងទីក្រុង Karaj ដែលនាំឲ្យជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់ស្លាប់។ ការវាយប្រហារនេះកើតឡើងក្រោយការព្រមានរបស់អាមេរិកចំពោះអ៊ីរ៉ង់។
លោក Araghchi បានច្រានចោលការព្រមានទាំងនេះ ដោយអះអាងថា សកម្មភាពបែបនេះឆ្លុះបញ្ចាំងពី “ការដួលរលំខាងសីលធម៌របស់សត្រូវដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់”។

អត្ថបទ៖ សាង ស្រីល័ក្ខ
