ចិនចំណេញធំពីសង្គ្រាមមជ្ឈឹមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៉ីរ៉ង់ឈរជើងបាន

ចិនចំណេញធំពីសង្គ្រាមមជ្ឈឹមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៉ីរ៉ង់ឈរជើងបាន

សង្គ្រាមអ៉ីរ៉ង់៖ កាសែតអង់គ្លេស The Economist បានចេញផ្សាយអត្ថបទវិភាគមួយអំពីសង្គ្រាមប្រឆាំងអ៉ីរ៉ង់ដែលអាមេរិក និងអ៉ីស្រាអែលធ្វើរួមគ្នា ដោយសួរថា តើក្នុងសង្គ្រាមនេះ អាមេរិក និងចិនដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់ តើអ្នកណាចំណេញជាង?

សង្គ្រាមមជ្ឈឹមបូព៌ា

ក្នុងសង្គ្រាមដែលមានសភាពខ្លាំងក្លាបំផុត ប្រើអាវុធទំនើបៗទាំងយន្តហោះ នាវាចម្បាំង មីស៊ីលគ្រប់ប្រភេទ គ្រាប់បែកតូចធំ បណ្ដាដ្រូនជាដើម អស់ពេលជាងមួយខែមកហើយ ក៏មហាយក្សអាមេរិក និងអ៉ីស្រាអែលជើងអ្នកច្បាំងខ្លាំងបំផុតនៅមជ្ឈឹមបូព៌ា មិនទាន់ធ្វើអ៉ីរ៉ង់ម្នាក់ឯងបែកនៅឡើយ។

កងទ័ពមជ្ឈឹមបូព៌ា

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ តែងលើកឡើងថា ការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលបានកម្ទេចស្ទើរអស់ហើយមីស៊ីល នាវាយន្តហោះ និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធយោធាធំៗតែជាងមួយខែ ហើយអ៉ីរ៉ង់នៅតែមានលទ្ធភាពតបត និងនៅតែអាចបិទខ្ទប់ច្រកសមុទ្រពាណិជ្ជកម្មហ័រមូស នាំឲ្យតម្លៃប្រេង និងឧស្ម័នពិភពលោកឡើងយ៉ាងខ្ពស់ពុំធ្លាប់មានពីមុនមក ហើយពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិថាមពល។

តាមកាសែតអង់គ្លេសនោះថា ក្នុងគំនិតរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ជម្លោះនោះ លោកចង់ឲ្យក្រុងប៉េកាំងឃើញពីអានុភាពយោធារបស់អាមេរិក ឬបង្ហាញពីការខ្វះសមត្ថភាពរបស់ចិនក្នុងការជួយសម្ព័ន្ធមិត្ត ហើយក៏ចង់បង្ហាញផងដែរ ពីផលប៉ះពាល់តិចនៃការខ្វះប្រេងសម្រាប់អាមេរិក។ ក៏ប៉ុន្តែជាងមួយខែក្រោយជម្លោះ ការយល់ឃើញនោះហាក់មិនត្រូវ។

អាកាសយាន្តយោធា

តាមពិតទៅក្រុងប៉េកាំងកាន់តែជឿជាក់ថា ក្នុងសង្គ្រាមនោះខ្លួនកំពុងតែចំណេញ ដោយវាបម្រើផលប្រយោជន៍របស់ខ្លួនទៅវិញ។ មានចំណុចជាច្រើនបង្ហាញពីរឿងនោះ។ ជារួមមកចិនចាត់ទុកការឈ្លានពានរបស់អាមេរិកថាជាការផ្ដល់សុពលភាពគំនិតរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង ក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចចិនមានសន្តិសុខ។ មានន័យថា ការពង្រឹងស្វ័យភាពខាងវត្ថុធាតុដើម ទោះបីកំណើនសេដ្ឋកិច្ចចិនមិនសម្រេចបានដូចបំណង ពិតជាត្រឹមត្រូវ។

កាសែត The Economist បន្តទៀតថា អ្នកជំនាញការជាច្រើនយល់ថា សង្គ្រាមរបស់លោកត្រាំទីបំផុត វាបានចំណេញច្រើនដល់ចិនឯណោះវិញទេ។ បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ និងអ៉ីរ៉ង់នឹងផ្ដល់ដល់ចិននូវទីផ្សាកសាងឡើងវិញ។ ប្រទេសជាច្រើនមានការបារម្ភចំពោះការបិទច្រកសមុទ្រហ័រមូស នឹងងាកទៅរកបច្ចេកវិទ្យាបៃតងរបស់ចិនដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលកង្ហា និងអាគុយ។ ដូច្នេះ បណ្ដារោងចក្រចិននឹងបង្កើនផលិតកម្មរបស់ពួកគេយ៉ាងខ្លាំងក្លា។

អ្នកវិភាគដទៃៗទៀត ក៏យល់ឃើញដែរថា ចំពោះសង្គ្រាមនោះអាមេរិកប្រកាសពីជោគជ័យរបស់ខ្លួន ដែលបានកម្ទេចការគំរាមកំហែងរបស់អ៉ីរ៉ង់ និងកម្ទេចមហិច្ឆិតារបស់ក្រុងតេហេរ៉ង់ក្នុងការការផលិតគ្រាប់បែកនុយក្លេអ៊ែរ ក៏ទោះបីអ៉ីរ៉ង់តែងប្រកាសថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគ្រាន់តែបម្រើគោលដៅស៊ីវិលក្ដី។ ម្យ៉ាងទៀតសង្គ្រាមនោះ ក៏ប៉ះពាល់ដល់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលរងការវាយប្រហាររបស់អ៉ីរ៉ង់។

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles