
ខេត្តមណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៣ករណីផ្សេងគ្នា នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ មន្ទីរបរិស្ថានបានចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងដកហូតរថយន្តកែច្នៃ០១គ្រឿងដែលដឹកឈើអារប្រភេទលេខ១ (ស្រឡៅ) ចំនួន៩៣សន្លឹក។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការរងបាយឆៅ។

ករណីទី២ មន្ទីរបរិស្ថានបានដកហូតម៉ូតូកែច្នៃ០២គ្រឿងដែលដឹកឈើអារប្រភេទស្រឡៅចំនួន០៣កំណាត់ (ស្មើនឹង០,២៧០ម៉ែត្រត្រីគុណ) នៅស្នាក់ការកណ្តាលកែវសីមា ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់។

ករណីទី៣ មន្ទីរបរិស្ថានបានចាប់ដកហូតម៉ូតូ០១គ្រឿងដែលដឹកសាច់ជ្រូកព្រៃចំនួន៣០គីឡូក្រាម និងឈើអារអញ្ញាតជនប្រភេទលេខ១ (ឈើទា) ចំនួន៧០សន្លឹក (ស្មើនឹង១,៤០០ម៉ែត្រត្រីគុណ)។ សាច់សត្វព្រៃត្រូវបានដុតកម្ទេចចោលតាមនីតិវិធី។

បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្តកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការអំពាវនាវយ៉ាងទទូចដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់៖ «សូមបញ្ឈប់រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ការបរបាញ់ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ។ សូមចូលរួមការពារ និងអភិរក្សធនធានធម្មជាតិដ៏មានតម្លៃរបស់យើង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងដើម្បីភាពបៃតងនៃខេត្តមណ្ឌលគិរីយើងទាំងមូល»។




អត្ថបទសរសេរដោយ សាយ ករុណា
កែសម្រួលដោយ ធីតា
