របាយការណ៍ចារកម្មបង្ហាញ អ៊ីរ៉ង់នៅមានសមត្ថភាពមីស៊ីល ៥០% ផ្ទុយពីការអះអាងរបស់លោក ត្រាំ

របាយការណ៍ចារកម្មបង្ហាញ អ៊ីរ៉ង់នៅមានសមត្ថភាពមីស៊ីល ៥០% ផ្ទុយពីការអះអាងរបស់លោក ត្រាំ

ជាងមួយខែកន្លងមក សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នាធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា បានបំផ្លាញសមត្ថភាពយោធារបស់សាធារណរដ្ឋឥស្លាមសឹងតែទាំងស្រុង។

មីស៊ីលអ៊ីរ៉ង់

ទោះជាយ៉ាងណា របាយការណ៍ចារកម្មអាមេរិកដែលផ្សាយដោយ CNN នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញទិន្នន័យផ្ទុយស្រឡះ ដោយឱ្យដឹងថា ប្រព័ន្ធបាញ់មីស៊ីល និងដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ប្រហែល ៥០% នៅតែដំណើរការធម្មតា។ ទោះមានការវាយប្រហារយ៉ាងខ្លាំងក្លារៀងរាល់ថ្ងៃក្នុងរយៈពេល៥សប្តាហ៍កន្លងមកក៏ដោយ ប្រព័ន្ធបាញ់បង្ហោះមីស៊ីលរបស់អ៊ីរ៉ង់ប្រហែលពាក់កណ្តាលនៅតែមានសភាពល្អប្រសើរ។

ដ្រូនអ៊ីរ៉ង់

យោងតាមការវាយតម្លៃចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដ្រូនវាយប្រហារអត្តឃាតរាប់ពាន់គ្រឿងទៀត ក៏នៅតែមានក្នុងឃ្លាំងអាវុធរបស់អ៊ីរ៉ង់នៅឡើយ។ ពួកគេនៅតែស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ ដើម្បីបង្កវិនាសកម្មដ៏ធ្ងន់ធ្ងរនៅទូទាំងតំបន់។

អ៊ីរ៉ង់នៅតែរក្សាទុកនូវដ្រូនវាយប្រហាររាប់ពាន់គ្រឿង និងមីស៊ីលការពារតំបន់ឆ្នេរ ដែលអាចបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនតាមកប៉ាល់ក្នុងច្រកសមុទ្រ Hormuz។ មូលហេតុដែលអាវុធទាំងនោះមិនត្រូវបានកម្ទេចទាំងស្រុង គឺដោយសារអ៊ីរ៉ង់បានលាក់ទុកនៅក្នុងរូងភ្នំឬក្រោមដី ដែលពិបាកនឹងកម្ទេចពីលើអាកាសណាស់។

របាយការណ៍នេះប្រៀបបាននឹងការបំបាក់មុខលោកត្រាំ ដែលតែងប្រកាសក្តែងៗថា អាមេរិកបានកម្ទេចយោធាសឹងតែហ្មត់ទៅហើយ។ កាលពីសប្តាហ៍មុន ប្រមុខសេតវិមានបានអួតអាងថា អ៊ីរ៉ង់មកសុំអង្វរអាមេរិកធ្វើកិច្ចព្រមព្រៀងសន្តិភាព ព្រោះកងទ័ពរបស់ពួកគេត្រូវកម្ទេចហ្មត់អស់ហើយ។

ទោះបែបនេះ ទីក្រុងតេហេរ៉ង់បានបោះពាក្យសម្តីបញ្ឈឺទៅកាន់អាមេរិកវិញ ដោយនិយាយថា ទាំងអាមេរិកនិងអ៊ីស្រាអែលសុទ្ធតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមត្ថភាពយោធានិងគ្រឿងសព្វាវុធរបស់ទីក្រុងតេហេរ៉ង់។

administrator

Related Articles