កម្លាំងសមត្ថកិច្ចជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន ៤នាក់ ក្នុងនោះមានស្រី១នាក់ កាលពីថ្ងៃទី៣០ និង៣១ មីនា ២០២៦។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់រួមមាន អឿន ជ័យរដ្ឋ (២១ឆ្នាំ), ង៉ិ ស្រីនិត (២២ឆ្នាំ), ធី វឌ្ឍនា ហៅ ហ៊រ (២៣ឆ្នាំ) និង ខុម សុខធារ៉ា ហៅ អុំ (២៩ឆ្នាំ)។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានម្សៅក្រាមសង្ស័យជាម៉ាទឹកកក ៧កញ្ចប់តូច សម្ភារៈប្រើប្រាស់ ជញ្ជីងថ្លឹង១ ទូរស័ព្ទដៃ៣គ្រឿង និងក្រដាសវេលុយវីង២សន្លឹក។

ការឃាត់ខ្លួនចាប់ផ្ដើមពីការរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់អឿន ជ័យរដ្ឋ ក្នុងភូមិព្រែកស្វាយ២។ កម្លាំងប៉ុស្តិ៍ឈើទាល និងកម្លាំងប្រឆាំងគ្រឿងញៀនបានចុះដល់កន្លែង ហើយឃាត់ខ្លួនអឿន ជ័យរដ្ឋ និងង៉ិ ស្រីនិត ព្រមទាំងដកហូតថ្នាំញៀន៦កញ្ចប់តូច។
ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះទិញពីហ៊រក្នុងតម្លៃ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត។ ឈ្មោះង៉ិ ស្រីនិតបានបញ្ជាក់ថា ហ៊រធ្លាប់ប្រាប់ថាយកថ្នាំពីបងអុំមកឲ្យពួកគេ។

កាលពីថ្ងៃទី៣១ មីនា កម្លាំងជំនាញបានបន្តចុះទៅផ្ទះរបស់ខុម សុខធារ៉ា ហៅ អុំ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនគេ និងធី វឌ្ឍនា ហៅ ហ៊រ ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់តូចបន្ថែមទៀត។
ហ៊របានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនពីអុំទៅលក់បន្ត ចំណែកអុំក៏បានសារភាពថា ខ្លួនធ្លាប់ឲ្យថ្នាំញៀនទៅហ៊រប្រហែល៣០០ដងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
