
អ្នកជំនាញច្បាប់អន្តរជាតិជាង ១០០ រូប មកពីសាកលវិទ្យាល័យល្បីៗដូចជា Harvard និង Yale បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ ដោយព្រមានថា សកម្មភាពយោធា និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ អាចឈានទៅដល់បទល្មើសសង្គ្រាម។
តាមការផ្សាយរបស់ TRT World លិខិតនោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ បន្ទាប់ពីមានការវាយប្រហារលើសាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង។

ក្រុមអ្នកជំនាញបានកត់សម្គាល់ថា សង្គ្រាមនេះកំពុងចំណាយថវិកាអ្នកបង់ពន្ធអាមេរិកពី១ទៅ២ពាន់លានដុល្លារក្នុងមួយថ្ងៃៗ និងបង្កឲ្យមានការបាត់បង់ជីវិតជនស៊ីវិលរាប់ពាន់នាក់។
ក្រុមអ្នកជំនាញបានលើកឡើងពីសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពាក់កណ្តាលខែមីនា ដែលថា ការវាយប្រហារលើអ៊ីរ៉ង់គឺធ្វើឡើង «ដើម្បីការកម្សាន្ត» និងការលើកឡើងរបស់ប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth ដែលបដិសេធអនុវត្តតាម «បទបញ្ជាប្រតិបត្តិការ» របស់យោធា។

កាលពីថ្ងៃពុធ លោកត្រាំ បានគំរាមម្តងទៀតថានឹងវាយប្រហារអ៊ីរ៉ង់ឲ្យខ្លាំងបំផុតក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ដើម្បីរុញច្រានប្រទេសនេះឲ្យត្រឡប់ទៅ «សម័យយុគថ្ម» វិញ ដែលសម្តីនេះត្រូវបានក្រុមការពារសិទ្ធិមូស្លីមរិះគន់ថាជាការបន្ទាបតម្លៃមនុស្ស។
សង្គ្រាមនេះបានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សជាង ១៣៤០នាក់ស្លាប់ ដែលធ្វើឲ្យអ៊ីរ៉ង់វាយបកវិញតាមរយៈដ្រូន និងមីស៊ីលលើមូលដ្ឋានអាមេរិកនៅតំបន់ឈូងសមុទ្រ។
ក្រុមអ្នកជំនាញច្បាប់បានជម្រុញឲ្យមន្ត្រីរដ្ឋាភិបាលអាមេរិកគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្ហាញការប្តេជ្ញាចិត្តជាសាធារណៈចំពោះបទដ្ឋានច្បាប់អន្តរជាតិ៕
