ភ្នំពេញ – ប្រទេសអ៊ីស្លាមចំនួន៨ ដែលភាគច្រើនជាជនជាតិមូស្លីម បានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែលក្នុងការអនុម័តច្បាប់កាត់ទោសប្រហារជីវិតដោយការព្យួរក ដែលគេចាត់ទុកថាជាការកាត់ទោសប្រហារជីវិតដ៏សាហាវលើជនជាតិប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញផ្សាយដោយក្រសួងការបរទេសប៉ាគីស្ថាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការបន្ទាន់។
យោងតាមរ៉យទ័រ សភាអ៊ីស្រាអែលបានអនុម័តច្បាប់នេះនៅថ្ងៃទី៣០ ខែមីនា ដែលនឹងអនុវត្តទោសប្រហារជីវិតសម្រាប់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទឃាតកម្ម និងមានគោលបំណង «បញ្ចប់អត្ថិភាពរបស់អ៊ីស្រាអែល»។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្កោលទោសច្បាប់នេះយ៉ាងខ្លាំង ដោយចាត់ទុកថាជាការរំលោភលើច្បាប់អន្តរជាតិ និងជាការប៉ុនប៉ងបំភិតបំភ័យជនជាតិប៉ាឡេស្ទីន។

ប្រទេសដែលបានចេញសារថ្កោលទោសនោះ រួមមាន ប៉ាគីស្ថាន តួកគី អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ពួកគេបានលើកឡើងថា ច្បាប់នេះបង្កើតឡើងគឺមានគ្រោះថ្នាក់យ៉ាងខ្លាំង និងអាចនាំឱ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់។
ក្រសួងការបរទេសប៉ាគីស្ថានបានថ្លែងថា៖ «ពួកយើងចង់បានការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិឱ្យកាន់តែខ្លាំងឡើង ដើម្បីរក្សាស្ថិរភាព និងការពារបន្ថែមទៀតលើពលរដ្ឋងាយរងគ្រោះ»។

ចំណែករដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏បានហៅច្បាប់នេះថាជាការបន្តនៃការគាបសង្កត់លើប្រជាជនប៉ាឡេស្ទីន និងអំពាវនាវឱ្យអង្គការអន្តរជាតិចាត់វិធានការជាបន្ទាន់។
សហគមន៍អន្តរជាតិបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់នេះ ដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលមានភាពតានតឹងរួចមកហើយនេះ។
