អន្តរជាតិ៖ កាសែតកងទ័ពរំដោះប្រជាជនចិន (PLA Daily) បានចេញផ្សាយរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញថា ជប៉ុនមានសមត្ថភាពផលិតគ្រាប់នុយក្លេអ៊ែរបានរហូតដល់ ៥៥០០ គ្រាប់ ដែលអាចធ្វើឱ្យពួកគេក្លាយជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោក។

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ជប៉ុនមានស្តុកសារធាតុភ្លុយតូនីញ៉ូម (Plutonium) ចំនួន ៤៤,៤ តោន ដែលត្រូវបានបំបែករួចហើយកាលពីចុងឆ្នាំ២០២៤។ សម្ភារៈនេះគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥៥០០ គ្រាប់។

របាយការណ៍នេះធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) បច្ចុប្បន្នរុស្ស៊ីជាមហាអំណាចនុយក្លេអ៊ែរធំជាងគេជាមួយស្តុកគ្រាប់នុយក្លេអ៊ែរចំនួន ៥៤៥៩ គ្រាប់ តាមពីក្រោយដោយសហរដ្ឋអាមេរិក ៥១៧៧ គ្រាប់ និងចិន ៦០០ គ្រាប់។

កាសែតកងទ័ពរំដោះប្រជាជនចិនបានព្រមានថា នៅពេលដែលជប៉ុនរួចផុតពីការរឹតបន្តឹងទាំងស្រុងនៃគោលការណ៍គ្មាននុយក្លេអ៊ែរទាំង៣ នោះ «ខ្លាអាស៊ីជប៉ុន» អាចក្លាយជារដ្ឋមានអាវុធនុយក្លេអ៊ែរជាក់ស្តែងក្នុងរយៈពេលដ៏ខ្លីបំផុត។

ជប៉ុនបានបែងចែកថវិកាចំនួន ១៧,៥ ពាន់លានយ៉េន (ប្រហែល ១០៩,៦ លានដុល្លារ) ដល់កម្មវិធីស្រាវជ្រាវផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបក្នុងឆ្នាំ២០២៥ ដែលច្រើនជាង១៨ដងធៀបនឹងឆ្នាំ២០២២។ ក្រសួងការពារជាតិជប៉ុនក៏បានបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានវានុវត្តន៍បែបទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិកម្រិតខ្ពស់ (DARPA) ក្នុងឆ្នាំ២០២៤។
ទំនាក់ទំនងរវាងចិននិងជប៉ុនបានប្រេះឆាកាន់តែខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី បានថ្លែងថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់អាចជំរុញឱ្យមានការឆ្លើយតបផ្នែកយោធាពីជប៉ុន។
ប្រភព៖ South China Morning Post និង EurAsian Times
អត្ថបទសរសេរដោយ វិរៈបុត្រ
កែសម្រួលដោយ ធីតា
