រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បញ្ហាហ្គេមអនឡាញត្រូវបានចាត់ទុកជារឿងសន្តិសុខជាតិទាំងមូល ដែលរាជរដ្ឋាភិបាលត្រូវតែគិតគូរបោសសំអាតឲ្យអស់កុំឲ្យមាននៅកម្ពុជាទៀត។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបានលើកឡើងថា នៅពេលដែលបញ្ហាហ្គេមអនឡាញចូលមកកម្ពុជា មានបណ្តាប្រទេសជាច្រើនបាននាំគ្នាវាយប្រហារកម្ពុជា។ រឿងនេះបានប៉ះពាល់ធ្ងន់ណាស់ ដែលវាខុសពីបញ្ហាគ្រឿងញៀន បញ្ហាជួញដូរមនុស្សដែលប្រទេសមួយៗស្ថិតក្នុងក្របខណ្ឌសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមបានបញ្ជាក់ថា៖ «អីញ្ចឹងរឿងបញ្ហាហ្គេមអនឡាញលែងស្ថិតក្នុងរឿងសន្តិសុខទៀតហើយ គឺវាស្ថិតជារឿងប្រទេសជាតិយើងទាំងមូល ជារឿងរបស់ប្រជាជាតិយើងទាំងមូល ដែលយើងត្រូវរួមគ្នាប្រឆាំងបទល្មើសហ្គេមអនឡាញនេះនៅក្នុងប្រទេសកម្ពុជាឲ្យអស់»។
ផ្អែកលើគ្រោះថ្នាក់ដោយបទល្មើសហ្គេមអនឡាញនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រឆាំងបទល្មើសអនឡាញនេះពោល គឺតាំងពីនីតិកាលទី៦ មករហូតមកដល់ពាក់កណ្តាលនីតិកាលទី៧ នៃរដ្ឋសភានេះ។
នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានកំណត់ថា ការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មហ្គេមអនឡាញ ជាអាទិភាពរបស់រាជរដ្ឋាភិបាល និងជារបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមគូសបញ្ជាក់ថា៖ «លូវនេះបទល្មើសការឆបោកតាមបច្ចេកវិទ្យា គឺបានក្លាយជាអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់នីតិកាលទី៧នេះ។ អីញ្ចឹងទេ នីតិកាលទី៧នេះ រាជរដ្ឋាភិបាលត្រូវគិតគូរជារួមក្នុងការប្រឆាំងបទល្មើសហ្គេមអនឡាញនេះឲ្យអស់ពីកម្ពុជា មិនឲ្យវិលមកវិញ»។
ដើម្បីលុបបំបាត់ហ្គេមអនឡាញនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីប្រឆាំងនឹងហ្គេមអនឡាញនេះ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រធានក្នុងការដឹកនាំយន្តការនោះផ្ទាល់តែម្តង។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់
