វីរកណ្តុរ Magawa បានរកឃើញមីនជាង ១០០គ្រាប់ បើកផ្លូវសុវត្ថិភាពឱ្យប្រជាជនកម្ពុជា

វីរកណ្តុរ Magawa បានរកឃើញមីនជាង ១០០គ្រាប់ បើកផ្លូវសុវត្ថិភាពឱ្យប្រជាជនកម្ពុជា

ភ្នំពេញ៖ វីរកណ្តុរហិតមីន Magawa ដែលបានទទួលមេដាយមាស PDSA សម្រាប់ភាពក្លាហាន បានរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ លើផ្ទៃដី ១៤១,០០០ ម៉ែត្រក្រឡា ក្នុងរយៈពេលពីឆ្នាំ ២០១៦ ដល់ ២០២០ នៅលើទឹកដីកម្ពុជា។

រូបសំណាកវីរកណ្តុរ Magawa

លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ពីស្នាដៃដ៏អស្ចារ្យនេះក្នុងពិធីសម្ពោធរូបសំណាកវីរកណ្តុរហិតមីន Magawa របស់អង្គការដោះមីន APOPO ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា៖ “កណ្តុរហិតមីន Magawa បានរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ហានិភ័យ និងស្តារឡើងវិញនូវទំនុកចិត្តជូនប្រជាជនកម្ពុជា។ គ្រាប់មីនទាំងនេះត្រូវបានរកឃើញតាមរយៈការងាររបស់កណ្តុរ Magawa ដែលធ្វើឱ្យកុមារអាចដើរលេងប្រកបដោយសុវត្ថិភាព កសិករធ្វើស្រែដោយសេរី ហើយសហគមន៍កសាងឡើងវិញដោយមិនស្ទាក់ស្ទើរ។”

ពិធីសម្ពោធរូបសំណាក

កណ្តុរ Magawa ដែលទទួលមេដាយមាស PDSA (People’s Dispensary for Sick Animals) ក្នុងខែកញ្ញា ឆ្នាំ២០២០ បានបង្កើតស្តង់ដារថ្មីនៃការអត់ធ្មត់ និងការជឿទុកចិត្តលើការងារហិតមីន។ កេរដំណែលរបស់វាឆ្លុះបញ្ចាំងពីការលះបង់របស់អង្គការ APOPO ដែលបាននាំមកនូវវិធីសាស្រ្តថ្មីៗទៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជាកើតឡើងចេញពីចក្ខុវិស័យដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីការពារប្រជាជន។

សកម្មភាពដោះមីន

ក្នុងឱកាសនេះ លោកបានរំលឹកថា ថ្ងៃទី០៤ ខែមេសា គឺជាការប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីន និងជំនួយក្នុងសកម្មភាពមីន ក្រោមប្រធានបទ “វិនិយោគលើសន្តិភាព វិនិយោគលើសកម្មភាពមីន”។

ទោះបីជាមានវឌ្ឍនភាពយ៉ាងណាក៏ដោយ បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។ ការបោសសម្អាតមីនមិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ វាគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ការជួយសង្រ្គោះជីវិតមនុស្ស និងការអភិវឌ្ឍ។

ការងារដោះមីន

រូបសំណាកវីរកណ្តុរ Magawa នឹងធ្វើជានិមិត្តសញ្ញានៃការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងប្រទេសកម្ពុជា ពីគ្រប់ប្រតិបត្តិករដោះមីន ស្ថាប័នជាតិ ប្រទេសជាមិត្ត រហូតដល់ដៃគូអភិវឌ្ឍន៍ ដែលបានឈរនៅជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

សម្ពោធរូបសំណាក

លទ្ធផលទាំងនេះបានបង្កើតនូវលក្ខខណ្ឌសម្រាប់ស្ថិរភាព និងវិបុលភាពយូរអង្វែង ដូចអ្វីដែលយើងបានឃើញយ៉ាងច្បាស់សម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់។

administrator

Related Articles