មេដឹកនាំយោធា លោក Min Aung Hlaing បានក្លាយជាប្រធានាធិបតីផ្លូវការនៃមីយ៉ាន់ម៉ា

មេដឹកនាំយោធា លោក Min Aung Hlaing បានក្លាយជាប្រធានាធិបតីផ្លូវការនៃមីយ៉ាន់ម៉ា

សភាមីយ៉ាន់ម៉ាបានបោះឆ្នោតជ្រើសរើសមេដឹកនាំរបបសឹក លោក Min Aung Hlaing ជាប្រធានាធិបតីផ្លូវការ នាថ្ងៃសុក្រទី៣ខែមេសាឆ្នាំ២០២៦នេះ។ ការបោះជំហាននេះគឺជាការផ្លាស់ប្តូរទៅរកតួនាទីស៊ីវិល បន្ទាប់ពីលោកបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារយោធារយៈពេល៥ឆ្នាំកន្លងមក។

លោក Min Aung Hlaing

យោងតាមសារព័ត៌មាន France24 នៅក្នុងការបោះឆ្នោតនាទីក្រុងណៃពិដោ ឧត្តមសេនីយ៍វ័យ៦៩ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៤២៩ លើ ៥៨៤ សំឡេង ដែលជាជ័យជម្នះដាច់ឆ្ងាយពីបេក្ខជនពីររូបផ្សេងទៀត។ ដើម្បីកាន់តំណែងនេះ លោក Min Aung Hlaing បានលាលែងពីតំណែងយោធារបស់លោកកាលពីដើមសប្តាហ៍ ដោយផ្ទេរការគ្រប់គ្រងកងទ័ពទៅឲ្យលោក Ye Win Oo ដែលជាមនុស្សជំនិត។

ការបោះឆ្នោតសភាធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែមករា ដែលគ្រប់គ្រងដោយគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) គាំទ្រដោយយោធា។ របបសឹកអះអាងថា វាជាការប្រគល់អំណាចជូនប្រជាជនវិញ តែក្រុមអ្នកវិភាគបានហៅដំណើរការនេះថាជាការរៀបចំដើម្បីបន្លំភ្នែក។

ការបោះឆ្នោតនៅមីយ៉ាន់ម៉ា

ទោះបីជាមានការបង្កើតរដ្ឋាភិបាលថ្មីក៏ដោយ ក៏ប្រទេសមីយ៉ាន់ម៉ានៅតែធ្លាក់ក្នុងជម្លោះស៊ីវិលដ៏សាហាវដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ចាប់តាំងពីឆ្នាំ២០២១មក។ ក្រុមបក្សប្រឆាំងនៅតែបន្តការតស៊ូ ខណៈដែលវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមិនទាន់មានសញ្ញាថមថយនៅឡើយទេ។

លោក Min Aung Hlaing គ្រោងនឹងចូលកាន់តំណែងជាផ្លូវការនៅចុងខែនេះ ក្នុងពេលដែលប្រទេសនៅតែប្រឈមមុខនឹងអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។

administrator

Related Articles