
កងទ័ពជើងទឹករុស្ស៊ីនឹងបញ្ជូននាវាចម្បាំងទំនើបៗចំនួន៣គ្រឿងមកកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី៥ដល់ទី៩ខែមេសា ឆ្នាំ២០២៦ នេះ។ បេសកកម្មនេះគឺជាផ្នែកនៃការឈ្វេងយល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបង្កើនសហប្រតិបត្តិការយោធា។
នាវាទាំង៣គ្រឿងរួមមាន៖ នាវាចម្បាំងធុនស្រាល Gromkiy នាវាមុជទឹក Petropavlovsk-Kamchatsky និងនាវាសណ្តោង Andrey Stepanov។

**នាវាចម្បាំង Gromkiy**
នាវាចម្បាំងធុនស្រាលទំនើបបំផុតនៃកងទ័ពជើងទឹករុស្ស៊ី ស្ថិតក្នុងថ្នាក់ Steregushchiy។ មានបណ្តោយ១០៤.៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងទម្ងន់ផ្ទុក២,២២០តោន។ អាចរត់ល្បឿនអតិបរមា៥០គីឡូម៉ែត្រ/ម៉ោង។ បំពាក់ដោយមីស៊ីលប្រឆាំងនាវា Kh-35 Uran ចំនួន៨គ្រាប់ ប្រព័ន្ធការពារអាកាស Redut VLS និងមានចំណតសម្រាប់ឧទ្ធម្ភាគចក្រ Ka-27។
**នាវាមុជទឹក Petropavlovsk-Kamchatsky**
ស្ថិតក្នុងថ្នាក់ Improved Kilo ដែលអង្គការណាតូដាក់ឈ្មោះថា «Black Hole» ដោយសារសមត្ថភាពធ្វើចលនាក្រោមទឹកដោយស្ងាត់។ មានប្រវែង៧៤ម៉ែត្រ ល្បឿន៣៧.០៤គីឡូម៉ែត្រ/ម៉ោង និងអាចមុជបានជម្រៅ៣០០ម៉ែត្រ។ បំពាក់មីស៊ីល Kalibr-PL ដែលអាចវាយប្រហារគោលដៅលើដីគោកបានចម្ងាយរហូតដល់២,៥០០គីឡូម៉ែត្រ។

**នាវាសណ្តោង Andrey Stepanov**
នាវាជំនួយពហុបំណងទំនើប មានបណ្តោយ៦៩.៧ម៉ែត្រ ទទឹង១៥ម៉ែត្រ និងល្បឿនអតិបរមា២៦គីឡូម៉ែត្រ/ម៉ោង។ អាចប្រតិបត្តិការនៅកណ្តាលសមុទ្របាន៣០ថ្ងៃជាប់គ្នា។ បំពាក់ដោយសំបកនាវាប្រភេទ Arc4 ដែលអាចឆ្លងកាត់ទឹកកកបាន និងមានដងស្ទូចអាចលើកទម្ងន់បានរហូតដល់២០តោន។
ការមកដល់នាវាទាំង៣គ្រឿងនេះនឹងធ្វើឡើងនៅកំពង់ផែស្រះកែវ រាជធានីភ្នំពេញ ដោយជាផ្នែកនៃការពង្រឹងទំនាក់ទំនងយោធា និងការប្រាស្រ័យទាក់ទងរវាងកម្ពុជា និងរុស្ស៊ី។
