
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះបុរសភេទទី៣ម្នាក់ ដែលត្រូវចោទប្រកាន់ពីបទបង្ហោះសារញុះញង់លើបណ្ដាញសង្គម។
លោក លឹម សុគន្ធារ៉ា ចៅក្រមស៉ើបសួរ បានចេញសេចក្ដីសម្រេចនៅថ្ងៃទី៣ មេសា ២០២៦ ដាក់ឃុំខ្លួន ប៉ែនភ័ក្រ សុរីធន់ (ហៅ គីម យ៉ាអែម) នៅពន្ធនាគារ PJ ដោយចោទប្រកាន់ចំនួន៣បទល្មើស។

ជនជាប់ចោទនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ មីនា ២០២៦ ក្រោយបានបង្ហោះសារលើហ្វេសប៊ុកចោទប្រកាន់សមត្ថកិច្ចនគរបាល។ សារទាំងនោះមានខ្លឹមសារញុះញង់ និងប្រមាថអ្នករាជការសាធារណៈ។
បទល្មើសទាំង៣ដែលត្រូវចោទប្រកាន់រួមមាន៖
១. ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
២. ប្រមាថអ្នករាជការសាធារណៈ
៣. ប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)

ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីពេលជនសង្ស័យត្រូវបាននគរបាលចរាចរណ៍ឃាត់រថយន្តរបស់ខ្លួននៅយប់ថ្ងៃទី៣០ មីនា ដោយសារស្ថិតក្នុងស្ថានភាពស្រវឹង។ ការវាស់ជាតិអាល់កុលបានបង្ហាញថា មានអត្រា ០,៥៥ មីលីក្រាមក្នុងមួយលីត្រ ដែលខ្ពស់ជាងកម្រិតដែលច្បាប់អនុញ្ញាត។

ក្រោយពីត្រូវផាកពិន័យតាមច្បាប់ ជនសង្ស័យបានបង្ហោះសារមិនពិតលើហ្វេសប៊ុក ដោយចោទប្រកាន់សមត្ថកិច្ចនគរបាលថា “ពុករលួយសម្លាប់ប្រជាជន” និងមានខ្លឹមសារញុះញង់ផ្សេងៗទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាស្រវឹងពីការផឹកស្រាជាមួយមិត្តភក្តិ មុននឹងបើករថយន្តធ្វើដំណើរ។ ខ្លួនក៏បានទទួលស្គាល់ពីការប្រើឯកសារក្លែងផងដែរ។
បទល្មើសទាំងនេះត្រូវបានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៤៩៤, ៤៩៥, ៥០២ និង៦៣០ នៃក្រមព្រហ្មទណ្ឌ។ ចំណែកបទបើករថយន្តស្រវឹងត្រូវបានចែងក្នុងមាត្រា៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
