ត្រាំទទួលស្គាល់ F-15 អាមេរិកធ្លាក់ក្នុងដៃអ៊ីរ៉ង់ ប៉ុន្តែអះអាងមិនប៉ះពាល់ការចរចា

ត្រាំទទួលស្គាល់ F-15 អាមេរិកធ្លាក់ក្នុងដៃអ៊ីរ៉ង់ ប៉ុន្តែអះអាងមិនប៉ះពាល់ការចរចា

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការនៅថ្ងៃសៅរ៍ទី៤ មេសា ២០២៦ ថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿងពិតជាត្រូវបាញ់ទម្លាក់ដោយអ៊ីរ៉ង់ ប៉ុន្តែជាប្រភេទ F-15E Strike Eagle មិនមែន F-35 ដូចការអះអាងរបស់ទេហេរ៉ានទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ក្នុងសន្និសីទកាសែត លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អត់ទេ! អត់ប៉ះពាល់អ្វីទេ វាគឺសង្គ្រាម យើងកំពុងមានសង្គ្រាម» នៅពេលត្រូវបានសួរថា តើហេតុការណ៍នេះអាចប៉ះពាល់ដល់ការចរចាជាមួយអ៊ីរ៉ង់ដែរឬទេ។

យន្តហោះចម្បាំង F-15E Strike Eagle ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នៅកណ្តាលប្រទេសកាលពីថ្ងៃសុក្រ ដោយក្នុងចំណោមអាកាសយានិកពីរនាក់ ម្នាក់ត្រូវបានរកឃើញនិងជួយសង្គ្រោះ រីឯម្នាក់ទៀតនៅមិនទាន់ដឹងដំណឹង។

យន្តហោះចម្បាំង F-15E Strike Eagle

យន្តហោះចម្បាំង F-15E Strike Eagle ដែលផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារក្នុងមួយគ្រឿង ត្រូវបានរចនាសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ វាអាចហោះហើរក្នុងកម្ពស់ទាប និងបំពាក់ដោយប្រព័ន្ធរ៉ាដាដែលអាចចាប់សញ្ញាគោលដៅលើដីពីចម្ងាយបានយ៉ាងល្អ។

រូបភាពបំណែកយន្តហោះដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ចែកចាយ ត្រូវបានអ្នកវិភាគអាកាសចរណ៍កំណត់អត្តសញ្ញាណថា ពិតជាយន្តហោះប្រភេទ F-15E ព្រោះមាននិមិត្តសញ្ញាកងពលហោះហើរលេខ៤៨ ដែលមានមូលដ្ឋាននៅ RAF Lakenheath ក្នុងចក្រភពអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ច្បាស់ឡើយថា យន្តហោះត្រូវបាញ់ទម្លាក់នៅទីតាំងណាឲ្យប្រាកដ។ អ៊ីរ៉ង់បានអះអាងថា ខ្លួនបាញ់ទម្លាក់ F-35 របស់អាមេរិកចំនួន ២ គ្រឿងក្នុងរយៈពេល ២៤ ម៉ោង។

administrator

Related Articles