ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឯកតោភាគីរបស់ថៃលើដីកម្ពុជានៅតំបន់ព្រំដែន៣កន្លែង។

តាមក្រសួងការបរទេស នៅចន្លោះថ្ងៃទី៣១ មីនា ដល់ថ្ងៃទី២ មេសា ២០២៦ កងកម្លាំងបូព៌ាថៃបានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះត្រូវបានចាត់ទុកថាជាការប៉ុនប៉ងខុសច្បាប់ ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)។
លើសពីនេះ នៅថ្ងៃទី២ មេសា កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿងត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅថ្ងៃដដែរ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ធ្វើសកម្មភាពឈូសឆាយដីនៅជិតបង្គោលព្រំដែនលេខ២ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា សកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថាជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)នោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។
ដោយ៖ តារា
