អ៊ីរ៉ង់បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ១០ពាន់លានតូម៉ាន់ (ស្មើនឹងប្រហែល ៦០,០០០ដុល្លារអាមេរិក) ជូនចំពោះនរណាក៏ដោយ ដែលអាចចាប់បានទាហានអាមេរិកម្នាក់ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E Strike Eagle។

កាលពីថ្ងៃសុក្រទី៣ ខែមេសា ឆ្នាំ២០២៦ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះនេះនៅកណ្តាលប្រទេសអ៊ីរ៉ង់។ ព័ត៌មានខាងអាមេរិកបានទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។
យ៉ាងណាក៏ដោយ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅសល់តែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះដែលមិនទាន់ដឹងដំណឹង។
បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់ប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។
យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ វាអាចហោះហើរក្នុងកម្ពស់ទាប និងបំពាក់ដោយប្រព័ន្ធរ៉ាដាដែលអាចចាប់សញ្ញាគោលដៅលើដីពីចម្ងាយបានយ៉ាងល្អ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាជាមួយអ៊ីរ៉ង់ទេ។
អត្ថបទ៖ សុខ សុវណ្ណ
