
ភ្នំពេញ – ក្រសួងការបរទេសថៃបានបញ្ជាក់នៅថ្ងៃសុក្រ ទី៣ មេសា ២០២៦ ថា ក្រុមអ្នកជំនាញបានរកឃើញបំណែកសាកសពមនុស្សនៅលើកប៉ាល់ដឹកទំនិញដែលដោតទង់ជាតិថៃឈ្មោះ Mayuree Naree ក្រោយពីរងការវាយប្រហារកាលពីខែមុន។

យោងតាមការផ្សាយរបស់ Khaosod ការរកឃើញនេះកើតឡើងនៅច្រកសមុទ្រហ័រមូស ដែលជាតំបន់យុទ្ធសាស្ត្រកំពុងកើតមានជម្លោះដ៏ក្ដៅគគុករវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នាវិកជនជាតិថៃចំនួន៣នាក់បានបាត់ខ្លួនតាំងពីថ្ងៃទី១១ មីនា។
ក្រុមហ៊ុនម្ចាស់កប៉ាល់ Precious Shipping បានជួលក្រុមសង្គ្រោះជំនាញឲ្យចុះទៅរុករកជាលើកទីពីរ ទោះបីជាលក្ខខណ្ឌនៅលើកប៉ាល់មានភាពលំបាកខ្លាំងក៏ដោយ។ កប៉ាល់នេះមានការខូចខាតយ៉ាងដំណំដោយសារអគ្គិភ័យ និងមានទឹកជន់លិចនៅក្នុងបន្ទប់ម៉ាស៊ីន។

ក្រុមអ្នកជំនាញបានប្រទះឃើញបំណែកសាកសពមនុស្សនៅក្នុងតំបន់ដែលរងការខូចខាតខ្លាំងលើកប៉ាល់។ រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបាននៅឡើយទេថា តើសាកសពទាំងនោះជានរណា។
ក្រសួងការបរទេសថៃបានសម្ដែងការសោកស្ដាយយ៉ាងពន់ពេក ហើយកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតថៃ អាជ្ញាធរអ៊ីរ៉ង់ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការត្រួតពិនិត្យអត្តសញ្ញាណ។ ភាគីថៃក៏បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះងាកមកប្រើផ្លូវការទូត និងការចរចាដោយផ្អែកលើច្បាប់អន្តរជាតិ។
