រាជធានីភ្នំពេញ៖ កម្ពុជាបានទទួលកិត្តិយសយ៉ាងខ្ពស់ក្រោយត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វ្រីស្ទាយល៍ (Freestyle Football) លំដាប់ពិភពលោក WFFA Pulse Phnom Penh 2026 ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃពេញ ដោយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ជាវគ្គប្រកួតជម្រុះបឋម និងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ជាវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក។ ទីតាំងប្រកួតនឹងធ្វើឡើងនៅទីលានសាលា The King’s School ក្នុងរាជធានីភ្នំពេញ។

កម្មវិធី Pulse series គឺជាប្រព័ន្ធប្រកួតជម្រុះផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ពិភពលោក (WFFA) ដែលបែងចែកជា៥តំបន់ធំៗ រួមមាន៖ អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង និងតំបន់អឺរ៉ុប។
សម្រាប់ការប្រកួតនៅភ្នំពេញ គឺជាការប្រកួតក្នុងទម្រង់១ទល់នឹង១ (1×1 Battles) ដែលបើកចំហសម្រាប់កីឡាករ-កីឡាការិនីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កីឡាករឆ្នើមបំផុតចំនួន៥រូប (បុរស៣រូប នារី២រូប) នឹងត្រូវបានជ្រើសរើសឡើងទៅប្រកួតនៅវគ្គបន្តលើកឆាកអន្តរជាតិក្នុងកម្មវិធី World Freestyle Football Championship។

ក្នុងរយៈពេល៣ឆ្នាំមកនេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៖
- ឆ្នាំ២០២៣ នៅទីក្រុងហីរ៉ូស៊ីម៉ា ជប៉ុន៖ កីឡាករ៥៣នាក់
- ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី៖ កីឡាករ៦៥នាក់
- ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា៖ កីឡាករ៧១នាក់

សម្រាប់ការប្រកួតឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ គេរំពឹងថាវត្តមានអត្តពលិកអាចកើនឡើងពី៧០ទៅ១០០នាក់ មកពីប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, វៀតណាម, ឥណ្ឌា និងកម្ពុជា។
នេះគឺជាមោទនៈភាពមួយរបស់ប្រទេសកម្ពុជា ដែលក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។ វាមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាសក្នុងការផ្សព្វផ្សាយទេសចរណ៍ខ្មែរទៅកាន់ពិភពលោក។

កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ កំពូលកីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក៥សម័យកាល បានមកបង្ហាញសមត្ថភាពនៅកម្ពុជា និងទទួលបានការគាំទ្រខ្លាំងលើសលុប។
ការប្រកួតនេះគឺជាឱកាសដ៏កម្រសម្រាប់យុវជនកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ ក្នុងការបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ។ នេះក៏ជាពេលវេលាដែលយុវជនខ្មែរត្រូវបង្ហាញពិភពលោកថា កម្ពុជាមានទេពកោសល្យមិនចាញ់បរទេសឡើយ៕
