ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានជំនាញលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវតាមបង្គោលភ្លើង នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ការឃាត់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ កម្លាំងជំនាញនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិន បានធ្វើការល្បាតនិងប្រទះឃើញកង់បីឥណ្ឌាមួយគ្រឿងកំពុងបើកបរក្រឡឹងទៅមកលើផ្លូវក្រវ៉ាត់ក្រុងទី៣។

ក្រោយពីឃាត់ឆែក កម្លាំងនគរបាលបានរកឃើញឧបករណ៍ចំនួនជាច្រើននៅក្នុងម៉ូតូកង់បីឥណ្ឌា រួមមាន៖ កំណាត់ខ្សែភ្លើងចំនួន៣កំណាត់តូចៗ កន្ដ្រៃពណ៌ក្រហមរុំស្កុតពណ៌ខ្មៅ១ ដង្កាប់២ ដែកសំប៉ែត្រដងជ័រ១ ដែកថ្នាំងអំពៅប្រវែង១ម៉ែត្រ១ដើម និងកូនសោមួយ។ លើសពីនេះ បង្គោលភ្លើងបំភ្លឺតាមដងផ្លូវក៏មានការបាត់បង់ខ្សែភ្លើងផងដែរ។

ជនសង្ស័យឈ្មោះ សុខ សុភាព ហៅខួច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បី។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីបន្តរនីតិវិធីច្បាប់តាមគោលការណ៍ច្បាប់។
