រដ្ឋសភាមីយ៉ាន់ម៉ា បានបោះឆ្នោតជ្រើសរើសអតីតមេដឹកនាំយោធា លោក Min Aung Hlaing ជាប្រធានាធិបតីថ្មី នាថ្ងៃសុក្រទី៣ មេសា ដែលជាជំហានចុងក្រោយក្នុងការផ្លាស់ប្តូររូបរាងពីអ្នកដឹកនាំយោធាទៅជាអ្នកដឹកនាំស៊ីវិល។

ការបោះឆ្នោតនេះ ធ្វើឡើងក្រោយពីរបបយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតដោយស្របច្បាប់ កាលពីឆ្នាំ២០២១។ លោក Min Aung Hlaing បានចាប់ឃុំខ្លួនលោកស្រី អោងសាន ស៊ូជី អតីតមេដឹកនាំស៊ីវិល និងរំលាយគណបក្សរបស់លោកស្រីចោល។
របបយោធាបានសាទរថា ការបើកសម័យប្រជុំសភាឡើងវិញកាលពីខែមីនា គឺជាការប្រគល់អំណាចត្រឡប់ទៅឱ្យប្រជាជន ប៉ុន្តែអ្នកវិភាគភាគច្រើនយល់ឃើញថា នេះគ្រាន់តែជាការបន្លំភ្នែក ដើម្បីឱ្យយោធានៅបន្តកាន់អំណាចដោយស្របច្បាប់ប៉ុណ្ណោះ។

គណបក្ស USDP ដែលគាំទ្រដោយយោធា បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលដែលបញ្ចប់កាលពីចុងខែមករា ដោយទទួលបានជាង ៨០% នៃអាសនៈសរុបនៅសភា។
ការរិះគន់ ឬធ្វើបាតុកម្មជុំវិញការបោះឆ្នោតនេះ ត្រូវបានចាត់ទុកជាអំពើខុសច្បាប់។ ដំណើរការបោះឆ្នោតត្រូវបានរារាំងនៅតាមតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានងើបបះបោរប្រឆាំងរបបយោធា។

សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា បានបន្តអូសបន្លាយមកទល់ពេលនេះ ដោយមានមនុស្សសរុបរាប់ម៉ឺននាក់បានស្លាប់ ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងភាពវឹកវរក្រោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១។
