ព្រឹត្តិការណ៍ពុករលួយ៖ នគរបាលក្រុងបាវិតចាប់ខ្លួនជនសង្ស័យ៣នាក់ ក្រោយវាយកាប់អ្នកដើរទិញអេតចាយរបួសធ្ងន់

ព្រឹត្តិការណ៍ពុករលួយ៖ នគរបាលក្រុងបាវិតចាប់ខ្លួនជនសង្ស័យ៣នាក់ ក្រោយវាយកាប់អ្នកដើរទិញអេតចាយរបួសធ្ងន់

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងករណីហិង្សាវាយ និងកាប់ប្រហារទៅលើអ្នកដើរទិញអេតចាយម្នាក់ ដែលបណ្ដាលឲ្យរងរបួសធ្ងន់។

វត្ថុតាងពីករណីហិង្សា

យោងតាមការបញ្ជាក់ពីនគរបាលក្រុងបាវិត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្ដឹងពីអ្នករងគ្រោះឈ្មោះ ទិត ធឿន អាយុ២៨ឆ្នាំ ដែលជាអ្នកដើរទិញអេតចាយ មានទីលំនៅនៅភូមិស្នាយបុណ្យ ឃុំជីជុច ស្រុកមេសាង ខេត្តព្រៃវែង។

អ្នករងគ្រោះបានដាក់ពាក្យបណ្ដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងវត្តតាឡុក ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជនមិនស្គាល់អត្តសញ្ញាណ៤ទៅ៥នាក់បានធ្វើសកម្មភាពវាយ និងកាប់មកលើខ្លួន។

ទីតាំងកើតហេតុ

ក្រោយពីទទួលបណ្ដឹង សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ហើយបាននាំខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។

ជនសង្ស័យទាំងពីរនាក់ដំបូងមាន៖

  • ឈ្មោះ រ៉េត សីលា (ហៅសក់ក្រហម) អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែ ឃុំសាលាវិសយ័ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ
  • ឈ្មោះ តឿ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត

ក្នុងអំឡុងពេលស្រាវជ្រាវបន្ថែម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ ទិត្យ ថ្លៃថ្លា (ហៅអាឆ្នុក) ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត។

សមត្ថកិច្ចធ្វើការស្រាវជ្រាវ

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទិត្យ ថ្លៃថ្លា បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានបង្កហិង្សាដាក់អ្នករងគ្រោះ ដោយសារមានទំនាស់ពាក្យសម្ដី។

វត្ថុតាងដែលត្រូវបានរឹបអូសមាន៖ ដាវដងឈើ១ដើម, កាំបិតដងដែក១ដើម, កូនកាំបិតដងជរ៌១ដើម, ក្បាលបំពង់គាស១ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញក្រុងសាងសំណុំរឿង និងបញ្ជួនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយ៖ សុថាន

administrator

Related Articles