អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាបានចាត់ទុកជម្លោះនៅអ៊ីរ៉ង់ជា “ការលេងល្បែងសង្គ្រាម”។

ការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារគោលដៅស៊ីវិល និងគំរាមកំហែងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយថានឹងធ្វើឱ្យប្រទេសនេះត្រឡប់ទៅយុគសម័យថ្មវិញ។
យោងតាមសារព័ត៌មាន Independent លោក Fletcher បានចោទប្រកាន់ប្រធានាធិបតីអាមេរិកពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយការទម្លាក់គ្រាប់បែកលើស្ពាន និងគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់បន្ថែមទៀត។
“យើងថ្កោលទោសចំពោះការមិនប្រុងប្រយ័ត្ននៃជម្លោះ និងផលប៉ះពាល់របស់សង្គ្រាមនេះលើប្រជាជនស្លូតត្រង់ក្នុងប្រទេសអ៊ីរ៉ង់” លោក Fletcher បានថា។

លោកដែលធ្លាប់ធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេសបីរូប បានបន្តថា៖ “សង្គ្រាមមិនមែនជាល្បែងដើម្បីបង្ហាញសារណជនទេ។ ការបង្កើតសន្តិភាពក៏មិនមែនជាកិច្ចព្រមព្រៀងអចលនទ្រព្យដែរ ហើយពិភពលោកមិនមែនជាកន្លែងកាស៊ីណូទេ”។
លោក Fletcher បានចោទប្រកាន់បន្ថែមថា៖ “អ្នកថាមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទេ ប៉ុន្តែវាយចំមន្ទីរពេទ្យ។ អ្នកថាមិនវាយសាលារៀន ប៉ុន្តែប្រភពថាមពល ស្ពាន ត្រូវបានបំផ្លាញ។ នោះហើយវាគឺជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់នៅក្នុងច្បាប់អន្តរជាតិ”។
ការអត្ថាធិប្បាយរបស់លោក Fletcher បានកើតឡើងបន្ទាប់ពីលោកត្រាំគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់បន្ថែមទៀត ប្រសិនបើថ្នាក់ដឹកនាំរបស់ប្រទេសនេះបដិសេធមិនយល់ព្រមតាមការទាមទាររបស់សហរដ្ឋអាមេរិក។

លោកត្រាំបានបង្ហោះលើ Truth Social ថា៖ “យោធារបស់យើងគឺជាយោធាដ៏អស្ចារ្យ និងមានឥទ្ធិពលបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ពួកគេមិនទាន់ចាប់ផ្តើមបំផ្លាញអ្វីដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ។ ហើយគោលដៅបន្ទាប់គឺស្ពាន បន្ទាប់មកទៀតគឺរោងចក្រថាមពលអគ្គិសនី”។
