ខេត្តត្បូងឃ្មុំ – គ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ នៅវេលាជិតភ្លឺថ្ងៃទី៤ មេសា ឆ្នាំ២០២៦ នេះ ដោយផ្ទះរបស់បងប្អូនខ្មែរអ៊ីស្លាមចំនួន ១០ខ្នងត្រូវឆេះខ្ទេចខ្ទីទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះបានចាប់ផ្ដើមពីផ្ទះមួយដែលម្ចាស់ផ្ទះមិននៅ ហើយឆេះរាលដាលទៅផ្ទះជាប់គ្នាទាំង ១០ខ្នង។ ស្ត្រីម្នាក់ដែលរស់នៅជាប់ផ្ទះដែលឆេះមុនដំបូងបានប្រាប់ថា នៅក្នុងផ្ទះមានភាពក្តៅខ្លាំង ហើយនៅពេលប្ដីចេញមកមើល បានឃើញភ្លើងឆេះយ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ទោ ចន្នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យពីអធិការដ្ឋានស្រុកក្រូចឆ្មារ ស្រុកដំបែរ ស្នងការដ្ឋាននគរបាលខេត្ត និងស្រុកឆ្លងខេត្តក្រចេះ ចេញមកអន្តរាគមន៍បាញ់ពន្លត់។

អ្វីដែលគួរកត់សម្គាល់គឺ បងប្អូនខ្មែរអ៊ីស្លាមមានសាមគ្គីភាពគ្នាល្អណាស់ ដោយបានប្រើម៉ាស៊ីនបូមទឹកពីមាត់ទន្លេឡើងមកលើ ដើម្បីបាញ់ទៅលើផ្ទះដែលឆេះ មុនពេលឡានពន្លត់អគ្គិភ័យមកដល់។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ប្រសិនបើសមត្ថកិច្ចមកជួយអន្តរាគមន៍បន្ទាន់ និងលក្ខណៈភូមិសាស្ត្រមិនអំណោយទាន ផ្ទះដែលត្រូវឆេះអាចនឹងឡើងដល់ទៅ ២០ខ្នង។

ក្រៅពីផ្ទះ ១០ខ្នងដែលឆេះខ្ទេចខ្ទីទាំងស្រុង នៅមានផ្ទះ ២ខ្នងទៀតត្រូវបានធាក់ជញ្ជាំង ដើម្បីកុំឲ្យភ្លើងឆេះដល់។ ការបាញ់ពន្លត់ភ្លើងបានបញ្ចប់នៅវេលាម៉ោង ៩ព្រឹក ហើយហេតុការណ៍នេះមិនមានអ្នករងរបួស ឬស្លាប់ឡើយ។



