ភ្នំពេញ៖ ករណីអគ្គីភ័យដ៏សែនគួរឲ្យសោកស្ដាយមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលស្ត្រីម្នាក់មានជម្ងឺសរសៃប្រសាទបានដុតផ្ទះរបស់ខ្លួនឯងយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ផ្ទះឈើលើថ្មក្រោមទំហំ ៥មX៦មត្រូវបានឆេះអស់ទាំងស្រុង។

តាមការបញ្ចាក់ពីអាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្ទះឈ្មោះ ភិន គន្ធា អាយុ៣៦ឆ្នាំ ដែលមានជម្ងឺសរសៃប្រសាទ បានដុតផ្ទះខ្លួនឯង។ ស្ត្រីនេះជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តការិយាល័យអគ្គីភ័យ ២គ្រឿង និងរថយន្តស្រាបៀកម្ពុជា ១គ្រឿង។ អាជ្ញាធរបានប្រើប្រាស់ទឹកអស់ស្មើនឹង ១៥ម៉ែត្រគូប។

ការពន្លត់អគ្គីភ័យបានបញ្ចប់នៅម៉ោង ១៣:៣០នាទី ដោយមិនបានបង្កឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះត្រូវបានឆេះអស់ទាំងស្រុង ដែលបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតអំពីករណីនេះ និងផ្ដល់ជំនួយដល់ម្ចាស់ផ្ទះដែលមានជម្ងឺសរសៃប្រសាទនេះ។
ដោយ៖ ភារ៉ា ដង្កោ
