ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តម អ៊ូ អិ ណុ អាត់ ស៊ូ ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនសរុបជាង១០០រូប។

ក្នុងនាមជាអតីតនិស្សិតជប៉ុនម្នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបង្ហាញនូវក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យនេះ។ ឯកឧត្តមបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុនបានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជួបគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនង “ប្រជាជននិងប្រជាជន” ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុនផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមមានប្រសាសន៍ថា ប្រទេសជប៉ុនបានបង្កើតសក្តានុពលយ៉ាងធំដល់អតីតនិស្សិតទាំងផ្នែកបុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈ ដែលប្រែក្លាយពួកគាត់ទៅជាអ្នកដឹកនាំ និងជាអ្នកចូលរួមដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង អនុប្រធានទី២ នៃព្រឹទ្ធសភា និងរដ្ឋមន្ត្រីបីរូបបច្ចុប្បន្នរបស់កម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ក៏ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជប៉ុន។

នាឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រីថា ដំណើររបស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន គឺមិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងស្ពានទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។

តាមរយៈការគាំទ្រប្រកបដោយសប្បុរសធម៌ពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន កម្មវិធីអាហារូបករណ៍ MEXT, JDS និង JICA បានជួយឲ្យជនជាតិខ្មែរជាង ១០០០ នាក់ទទួលបានបរិញ្ញាបត្រពីជប៉ុន ខណៈដែលមាននិស្សិតជាង ៦០០ នាក់កំពុងបន្តការសិក្សានៅទីនោះ ដែលកំពុងធ្វើជាស្ពានភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ។

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រដ៏មានតម្លៃចំពោះឯកឧត្តម ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ។

