ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានរៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅស្រុកកំណើតសម្តេចក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅគេហដ្ឋានសម្តេច ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា លោកស្រី ហេង ពៅ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ។

សម្តេចទាំងពីរបានរៀបចំពិធីនេះតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកាព្រះរតនត្រ័យ សមាទានសីល និងពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងឱកាសនេះ សម្តេចទាំងពីរព្រមទាំងក្រុមគ្រួសារបានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តថ្កូវមួយចំនួន ដើម្បីកសាងសមិទ្ធិផលនានាក្នុងវត្ត រួមមានអង្ករ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករស តែ ត្រីខ ប៊ីចេង និងសាដក។

សម្តេចទាំងពីរបានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាទឹកដីកម្ពុជា ព្រមទាំងសូមពរជ័យគ្រប់ប្រការជូនបងប្អូនជនរួមជាតិ កូនប្រុសកូនស្រី ចៅប្រុសចៅស្រី ឱ្យបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ។

ពិធីនេះបានប្រព្រឹត្តិទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ដោយ៖ សិលា
