អូឡាំពិកចូលសាលា៖ សិស្សជាង២០០នាក់នៅព្រះសីហនុទទួលការអប់រំគុណតម្លៃកីឡាអូឡាំពិក

អូឡាំពិកចូលសាលា៖ សិស្សជាង២០០នាក់នៅព្រះសីហនុទទួលការអប់រំគុណតម្លៃកីឡាអូឡាំពិក

ព្រះសីហនុ៖ ក្រុមមន្ត្រីជំនាញពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង បានចុះអប់រំគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្សជាង២០០នាក់នៅវិទ្យាល័យតេជោ ហ៊ុនសែនកម្មករ កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៦។

កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនៅព្រះសីហនុ

កម្មវិធីនេះធ្វើឡើងក្រោមការអនុញ្ញាតពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សិស្សានុសិស្សទទួលបានការបញ្ជ្រាបអំពីប្រវត្តិកីឡាអូឡាំពិកដែលមានអាយុកាលជិត៣០០០ឆ្នាំ ស្មារតីអូឡាំពិក និងគុណតម្លៃសំខាន់ៗរបស់វា។

សិស្សទទួលការអប់រំអំពីស្មារតីអូឡាំពិក

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា៖ “កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របន្តពង្រឹងការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកទៅកាន់សិស្សានុសិស្សនៅតាមបណ្តាសាលាជាយដែន ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាម។”

ក្រៅពីការអប់រំអំពីស្មារតីអូឡាំពិក ក្រុមមន្ត្រីក៏បានផ្សព្វផ្សាយយុទ្ធនាការ “យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត” ដើម្បីត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីហ្គេមឆ្នាំ២០៣១។

ការចូលរួមរបស់សិស្សក្នុងកម្មវិធី

កម្មវិធីអប់រំគុណតម្លៃអូឡាំពិករបស់កម្ពុជាត្រូវបានអង្គការសាមគ្គីអូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិកោតសសើរខ្លាំង ដោយមើលឃើញពីភាពសកម្មរបស់កម្ពុជាក្នុងការផ្សព្វផ្សាយទស្សនៈវិជ្ជាអូឡាំពិកដល់យុវជន។

ក្នុងអាណត្តិទី៩នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តពង្រឹងការផ្សព្វផ្សាយកម្មវិធីនេះទៅកាន់សាលារៀននៅតាមខេត្តជាយដែន រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងផ្តល់ជូនទីលានកីឡានិងការជួសជុលទីលានកីឡាផងដែរ។

administrator

Related Articles