ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានស្ទាក់ចាប់បានជនសង្ស័យចំនួន ២នាក់ នៅវេលាម៉ោង ៨:២០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០ និង៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មុនកើតហេតុ បានទទួលព័ត៌មានថា មានករណីកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេរ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១.អេហ្វ ៨៣០១ នៅស្រុករលាប្អៀរ។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានពួនស្ទាក់តាមបណ្ដោយផ្លូវជាតិលេខ៥ រយៈពេលប្រមាណ២០នាទី ទើបឃើញម៉ូតូជនសង្ស័យបើកមកដល់។

ពេលឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យបានផ្ដួលម៉ូតូនិងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញស្ទាក់ចាប់បាន។ ជនសង្ស័យទាំងពីរនាក់រួមមាន៖ នៅ ណាក់សុផានី អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និង ព្រុំ ប៊ុនលី អាយុ២៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ។

វត្ថុតាងដែលដកហូតបានមាន៖ ម៉ូតូ២គ្រឿង (ម៉ាកហុងដាសេ១២៥ មួយគ្រឿង និងម៉ូតូម៉ាកហុងដានិចមួយគ្រឿង)។ ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងបញ្ជូនជាមួយនឹងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទសរសេរដោយ៖ ពៅ សុខហ៊ាន
កែសម្រួលដោយ៖ ធីតា
