ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យគោរពច្បាប់ពាក់ព័ន្ធនឹងការកែប្រែ ឬបម្លែងយានយន្ត។ លោកបានបញ្ជាក់ថា ការកែឆ្នៃខុសពីសភាពដើម ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរជំនាញ គឺជាអំពើខុសច្បាប់។

យោងតាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក មធ្យោបាយដឹកជញ្ជូនដែលមានឯកសារចុះបញ្ជីសម្គាល់រួចហើយ មិនអាចធ្វើការប្រែប្រួលពណ៌ ឬលក្ខណៈតាមចិត្តបានឡើយ។ ក្នុងករណីចង់ផ្លាស់ប្តូរ ត្រូវស្នើសុំការអនុញ្ញាតពីមន្ទីរជំនាញគមនាគមន៍ជាមុនសិន។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា វិធានការនេះ មានគោលបំណងទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម ដោយជៀសវាងក្រុមជនខិលខូចយកយានយន្តទៅកែប្រែពណ៌ ឬប្ដូរស្លាកលេខ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។

ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់អាជីវកម្មបិទ និងបាញ់ថ្នាំយានយន្តទាំងអស់ ឱ្យបដិសេធការផ្លាស់ប្តូរពណ៌ ឬកែប្រែយានយន្ត ប្រសិនបើមិនមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរជំនាញ។

ការអំពាវនាវនេះ មានគោលបំណងលើកកម្ពស់ការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។ អាជ្ញាធរនគរបាលនឹងបន្តការត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងទៅលើយានយន្តទាំងអស់ដែលមានការកែប្រែខុសពីសភាពដើម។
ដោយ៖ តារា
